Uncategorized
អាជីករស្នើរឱ្យប្រជាពលរដ្ឋបន្តចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ក្រុមអ្នកផលិត និងម្ចាស់អាជីវកម្ម បានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិនិងមូលដ្ឋាន ជាពិសេសការបង្កើតឱកាសការងារ និងការផ្តល់ឱកាសបន្ថែមដល់អាជីករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកមានលទ្ធភាពពង្រីកខ្លួនកាន់តែល្អប្រសើរ។
អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្មខាងផ្នែកអង្ករ និងចំណីម្ហូបអាហារ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី១៥ ខែតុលាកន្លងទៅ បាននិយាយឱ្យដឹង តាមការធ្វើបច្ចុប្បន្នភាពរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ សន្ទុះនៃការគាំទ្រផលិតផលខ្មែរគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារម្នាក់ៗបានធ្វើពហិការ បានចាប់ផ្តើមយល់ពីគុណភាព គុណប្រយោជន៍ និងយល់ឃើញទៀតថា ការផលិត ការចាត់ចែង ឬការលក់ផលិតផលខ្មែរមានច្រើនមុខទំនិញ និងយល់ឃើញទៀតថា ខ្មែរអាចធ្វើបានជាច្រើន ដែលទាំងអស់នេះហើយធ្វើឱ្យមានការគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់។
បន្ថែមពីនេះ លោកស្រី បានលើកឡើងដោយបានរម្លឹកថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីខែកញ្ញាកន្លងទៅនេះ គ្រប់ផលិតផលខ្មែរទាំងអស់គឺទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ជាពិសេសបានជួយជំរុញចលនាឱ្យពាណិជ្ជករខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។
ស្រដៀងគ្នាខាងលើនេះ លោក យូ វុទ្ធី អាជីវករលក់ហូល សារ៉ុងសូត្រ និងក្រមាខ្មែរ មកពីខេត្តព្រៃវែង បានឱ្យ ប៊ីធីវី ដឹងដែរ ដោយសារការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរបានងាកមកគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសវិញ ជាក់ស្តែងដូចជាផលិតផលរបស់លោក ទទួលបានកំណើននៃការគាំទ្រប្រមាណពីអតិថិជនចំនួនប្រហែលជា ៨០%។ លោកបន្តថា លោកមានការសប្បាយចិត្តជាខ្លាំង នៅពេលដែលឃើញសន្ទុះនៃការគាំទ្រមានជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អបំផុតក្នុងការជំរុញសេដ្ឋកិច្ចជាតិរីកចម្រើន។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» កាលពីចុងខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យបន្តជឿជាក់ ជំរុញ និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានចាប់ជាប្រចាំ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់ផលិតផល និងសេវាក្នុងស្រុក អាចរីកលុតលាស់បានកាន់ប្រសើរឡើងថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន5 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ