Uncategorized
សម្ដេចតេជោប្រាប់យូណេស្កូថា សម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានរងគ្រោះ ពិសេស ប្រាសាទព្រះវិហារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូថា សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ ការបង្ហាញនេះ ធ្វើឡើងក្នុងឱកាស សម្តេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះអង្គការ យូណេស្កូ ដែលបានចូលរួមចំណែកជួយដល់កម្ពុជានៅពេលកន្លងមក។ សម្ដេចសង្ឃឹមថា ក្នុងបេសកកម្មរបស់ឯកឧត្តមតំណាងអង្គការយូណេស្កូ នៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូ កាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម Flavio Bonetti បានសម្ដែងនូវការអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងនូវទំនាក់ទំនងរវាងកម្ពុជា និង UNESCO ថា ជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ ឯកឧត្តមបានបញ្ជាក់ថា អង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
នាឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមតំណាងអង្គការយូណេស្កូ សុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃ ហើយ សម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថា សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។
ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយ និងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញ ជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយឯកឧត្តមបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ឯកឧត្តម Flavio Bonetti ហើយក៏បានពិភាក្សាជាមួយឯកឧត្តមទាក់ទងទៅនឹងកត្តាសំខាន់ៗមួយចំនួនដែល UNESCO បានយកចិត្តទៅដាក់ក្នុងការជួយកន្លងមក។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងឱ្យបន្តនូវការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងនោះសម្ដេចលើកឡើងអំពីវិស័យអប់រំនៅកម្ពុជា ដោយសម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកម្ពុជាខ្លាំង ត្រូវតែមានមូលធនមនុស្ស គឺធនធានមនុស្សខ្លាំងហើយមូលធនមនុស្សនោះឯងដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីការវិវត្តនៃវិស័យអប់រំកម្ពុជាចាប់តាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះដែលយើងបានរីកចម្រើនក្នុងស្ថានភាពមួយល្អជាបន្តបន្ទាប់ ក្នុងនោះសម្ដេចក៏បានលើកឡើងអំពីការចូលរួមរបស់ UNESCO ក្នុងការអភិរក្ស និងបន្តជួយគាំទ្របន្ថែមទៀតក្នុងការការពារនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាហើយ និងបន្តដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌទាំងនោះចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។
ឯកឧត្តមតំណាងអង្គការយូណេស្កូក៏បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេចតេជោ ជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យអប់រំ។ បានលើកឡើងថា UNESCO គាំទ្រពេញទំហឹងក្នុងការសហការជាមួយនឹងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាល ជាពិសេសក្រសួងអប់រំក្នុងការពង្រឹងបន្ថែមទៀតនៅក្នុងវិស័យអប់រំកម្ពុជា។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានលើកឡើងអំពីការបន្តការគាំទ្រចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបី និងអរូបី ហើយនិងបន្តជួយដល់កម្ពុជាក្នុងការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌដទៃទៀតទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមតំណាងអង្គការយូណេស្កូ បានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ៕









-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ