Uncategorized
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០២៦
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងជាសមាជិកនៃអ្នកដឹកនាំវ័យក្មេងពិភពលោកឆ្នាំ២០២៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំលើកទី១៧ «Summer Davos» នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធាន «ការជំរុញនវានុវត្តន៍ឱ្យកាន់តែទូលំទូលាយ» (“Innovating at Scale”) ដោយកម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមាណ ១,៧០០នាក់ មកពីវិស័យធុរកិច្ច រដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរទស្សនៈអំពីអនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក។ កាន់តែពិសេសទៀតនោះ កម្មវិធីនេះត្រូវបានផ្តល់កិត្តិយសក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឈាង (H.E. Li Qiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អនុសាសន៍ជាទស្សនទានសំខាន់ៗ ស្តីពីអាទិភាពសេដ្ឋកិច្ច និងតួនាទីយ៉ាងសំខាន់របស់ប្រទេសចិនក្នុងសេដ្ឋកិច្ចសកលលោក ។
តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ដោយធ្វើបទបង្ហាញអំពីវិស័យអាកាសចរណ៍របស់កម្ពុជា លោក ណម វិស្សុត ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិន ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍របស់
លោកនៅក្នុងវេទិកាក្រោមប្រធានបទ «វិធីសាស្រ្តផ្តត់ផ្គង់ផលិតផលនិងសេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Experiences as an Industry)។ នៅក្នុងឱកាសនោះ លោកបានលើកឡើងនូវទស្សនៈវិស័យពីប្រទេស កម្ពុជាស្តីពី «បទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Economy of Experience) ដែលជា ប្រព័ន្ធអេកូឡូស៊ីមួយ ដែលវិស័យអាកាសចរណ៍ ទេសចរណ៍ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសេវាសាធារណៈ ត្រូវបានរួមបញ្ចូលគ្នា ដើម្បីលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ជាជាងការអភិវឌ្ឍវិស័យទោលណាមួយដាច់ដោយឡែកពីគ្នា។
ដោយផ្អែកលើដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា លោកបានគូសបញ្ជាក់ថា ការពង្រឹងការផ្សារភ្ជាប់ ទំនាក់ទំនងឱ្យកាន់តែរឹងមាំ ការជំរុញនវានុវត្តន៍ និងកិច្ចសហការរវាងវិស័យផ្សេងៗ អាចផ្លាស់ប្តូរឧស្សាហកម្មនានាឱ្យទទួលយកនូវបទពិសោធន៍ក្នុងការផ្តល់សេវាកម្មកាន់តែរលូន ដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ ទាញលំហូរវិនិយោគ ពង្រឹងវិស័យទេសចរណ៍ និងពន្លឿនកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់ថា បច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI) មិនមែនជា គោលដៅចុងក្រោយនៃការអភិវឌ្ឍនោះទេ ប៉ុន្តែនេះគឺជាឧបករណ៍ជំនួយ និងជាកាតាលីករដ៏សំខាន់ ក្នុងការជួយកាត់បន្ថយភាពរអាក់រអួលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ព្រមទាំងជួយសម្របសម្រួលកិច្ចសហប្រតិបតិ្តការឱ្យកាន់ តែរលូន ធ្វើសេចក្តីសម្រេចចិត្តកាន់តែមានប្រសិទ្ធភាព និងលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យបានល្អប្រសើរ។
«យុគសម័យសេដ្ឋកិច្ចជំនាន់ក្រោយ នឹងមិនប្រណាំងប្រជែងលើគុណភាពផលិតផលឧស្សាហកម្មតែមួយមុខទៀតនោះទេ ប៉ុន្តែនឹងប្រណាំងប្រជែងលើបទពិសោធន៍ផ្តត់ផ្គង់ផលិតផលនិងសេវាកម្មជំនួសវិញ។ នៅពេលដែលយើងផ្សារភ្ជាប់ វិស័យអាកាសចរណ៍ ទេសចរណ៍ បច្ចេកវិទ្យា និងសេវាសាធារណៈឱ្យទៅជាប្រព័ន្ធអេកូឡូស៊ីតែមួយ នោះយើងនឹង អាចបង្កើតឱកាសបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ពន្លឿនចរន្តសេដ្ឋកិច្ចឱ្យដើរកាន់តែលឿន និងនាំមកនូវការរីកចម្រើនមួយដ៏គង់វង្សឋិតថេរចីរកាលថែមទៀតផង» ។
ក្រៅពីការអញ្ជើញចូលរួមជាវាគ្មិន លោក ណម វិស្សុត ក៏បានអញ្ជើញចូលរួមក្នុងពិធីពិសារអាហារពេលល្ងាច ជាលក្ខណៈពិសេសសម្រាប់ថ្នាក់ដឹកនាំ ដែលរៀបចំដោយក្រុមហ៊ុន Boston Consulting Group (BCG) ដោយមានការចូលរួមពីបណ្តាប្រធាននាយកប្រតិបត្តិសំខាន់ៗ មកពីស្ថាប័នធំៗជាច្រើន និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ជុំវិញពិភពលោក។ ជាពិសេសជាងនេះទៅទៀត ជារបៀបវារៈនៃកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់អ្នកដឹកនាំវ័យក្មេងពិភពលោកនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ណម វិស្សុត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាចង្អៀតក្រោមវត្តមានរបស់ ឯកឧត្តម Nyam-Osor Uchral នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី និងសមាជិកអ្នកដឹកនាំវ័យក្មេងពិភពលោកដទៃទៀត ដើម្បីផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។
ការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នាពេលនេះ បានឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ ព្រមទាំងរួមចំណែកគាំទ្រដល់ចក្ខុវិស័យរយៈពេលវែង របស់កម្ពុជា ក្នុងការកសាងបទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច។ ដែលការតភ្ជាប់នេះនឹងបង្កើតជាចលករតែមួយរួមគ្នារវាងមនុស្សជាតិ វិស័យឧស្សាហកម្ម និងឱកាសថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ។








-
ព័ត៌មាន4 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន4 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន4 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន4 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»