ព័ត៌មាន
សម្តេចតេជោជួបពិភាក្សាជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តមតូ ឡឹម អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ ខណៈកិច្ចជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នាជា ច្រើនស្តីពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងវៀតណាមរួមទាំងការកើនឡើងនៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោផ្ទាល់បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបតាមរយៈវិដេអូពីចម្ងាយរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនេះ គឺបានផ្តោតសំខាន់លើភាពរីកចម្រើននៃទំនាក់ទំនងទាំង ក្របខណ្ឌបក្ស ទាំងក្របខណ្ឌរដ្ឋាភិបាល និងទំហំពាណិជ្ជកម្មទ្វេភាគី ខណៈភាពរីកចម្រើនទាំងនេះគឺបាន ឆ្លុះបញ្ជាំងឲ្យឃើញនូវអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណីជាដើម។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថានៅក្នុងកិច្ចជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានរំលេចអំពី ចំណុចសំខាន់ៗពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា និងវៀតណាម ដោយក្នុងនោះសម្តេចតេជោ បានបង្ហាញ នូវការពេញចិត្តនូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមដែលមានការកើនឡើងយ៉ាងខ្ពស់ក្នុងរយៈ ពេល៧ខែនៅឆ្នាំ២០២៥នេះ បានឡើងដល់៧ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះកម្ពុជានាំទៅវៀត ណាមជិត៤ពាន់លានដុល្លារអាមេរិក។
បើតាមអ្នកនាំពាក្យរូបនេះក៏បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះសម្តេចតេជោក៏បានលើក ឡើងផងដែរថាបច្ចុប្បន្ននេះវៀតណាមជាទីផ្សាលំដាប់លេខ៣សម្រាប់នាំទំនិញកម្ពុជាចូល ហើយក៏ជា សក្តានុពលមួយនៃការធ្វើពាណិជ្ជកម្មជាមួយគ្នានៅក្នុងឋានៈជាប្រទេសជិតខាងល្អ ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនទៅជាព្រំដែនមិត្តិភាព សន្តិភាពជាដើមផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម តូ ឡឹម ក៏បានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំង ពីរដែលបន្តពួនជ្រុំរហូតដល់សព្វថ្ងៃនេះ ហើយឯកឧត្តមក៏បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមមានការកើនឡើងជាលំដាប់ ហើយវៀតណាមនឹងធ្វើការពង្រឹងបន្ថែមទៀតជាមួយកម្ពុជានូវពាណិជ្ជកម្មនេះ ពោលគឺគ្រោងឲ្យដល់រហូត២០ពាន់លានដុល្លារអាមេរិក។
បើតាមឯកឧត្តមជា ធីរិទ្ធ ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅដើមខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញទៅប្រទេសវៀតណាមដើម្បីចូលរួមបុណ្យខួប៨០ឆ្នាំនៃការឯករាជ្យរបស់វៀតណាមផងដែរ ហើយឯកឧត្តមអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមចាត់ទុកថា វត្តមានរបស់សម្តេចតេជោនេះ នឹងធ្វើការឆ្លុះបញ្ចាំងបន្ថែមទៀតអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)៕
អត្ថបទ ៖ បាន ចក់








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព