ព័ត៌មាន
ពលករត្រឡប់មកពីថៃ អរគុណរាជរដ្ឋាភិបាលដែលជួយស្វែងរកការងារឱ្យពួកគាត់បានធ្វើលឿន និងឆាប់រហ័ស
ក្រុមពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលដែបានជួយរកការងារឱ្យធ្វើ និងអរគុណក្រុមហ៊ុនដែលបានផ្តល់ឱកាសការងារដល់ពួកគាត់យ៉ាងឆាប់រហ័ស។
នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមពលករទើបត្រឡប់មកពីប្រទេសថៃ បច្ចុប្បន្នកំពុងបម្រើការងារនៅរោងចក្រកាត់ដេរកាបូបរបស់ក្រុមហ៊ុន D’Luxe International Co.,Ltd ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហានេះថា ពិតជាមានអារម្មណ៍សប្បាយរីករាយ និងកក់ក្តៅជាងធ្វើការនៅក្រៅស្រុក ដោយសារមិននឹកស្មានថា នៅកម្ពុជាមានការងារសម្បូរបែបនៅតាមរោងចក្រ សហគ្រាស ជាពិសេសគឺដូចទៅនឹងការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលដែលលើកឡើងថា ការងារជាច្រើនកន្លែងកំពុងរង់ចាំអ្នកស្វែងរកការងារធ្វើ។
ក្រុមពលករទាំងនេះ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយរកការងារឱ្យពួកគាត់។ ក្រុមពលករ បាននិយាយទៀតថា ការបំពេញការងារនៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន។
លោក ម៉ីឈាវ ប៊ុនវឌ្ឍន៍ ប្រធានរដ្ឋបាលរោងចក្រខាងលើ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឱ្យដឹងថា គិតត្រឹមថ្ងៃម្សិលមិញ រោងចក្រទទួលបានការចុះឈ្មោះ និងសម្ភាសន៍ជាប់ការងាររបស់បងប្អូនពលករត្រឡប់មកពីថៃចំនួនជិត៣០០នាក់ ដែលមានការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងបានប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការបំពេញបេសកកម្មនេះឱ្យល្អប្រសើរ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹង គិតមកដល់ពេលនេះ ពលករខ្មែរដែលចាកចេញនិងវិលត្រឡប់មកប្រទេសកម្ពុជាវិញ មានចំនួនប្រមាណជាង ៩២ម៉ឺននាក់ ក្នុងនោះអ្នកទទួលបានការងារធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនប្រមាណជាង ១៣ម៉ឺននាក់។
ឯកឧត្តមអ្នកនាំពាក្យ បានបន្ដអំពាវនាវដល់ពលករខ្មែរដែលបានត្រឡប់មកដល់កម្ពុជា ហើយមិនទាន់ទទួលបានការងារធ្វើ រួសរាន់ទាក់ទងទៅលេខទូរសព្ទ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួលពីក្រសួងការងារក្នុងការស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលមានជាបន្តបន្ទាប់ទូទាំងប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី












-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត
-
ព័ត៌មាន2 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន3 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS4 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦