Connect with us

ព័ត៌មាន

ភូមិភាគ៤កម្ពុជា និងភូមិភាគ២ថៃសន្យាដោះស្រាយបញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចគ្នាក្នុងស្មារតីភាពជាអ្នកជិតខាងល្អ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយរាល់បញ្ហាដោយ សន្តិវិធី បញ្ជៀសការប៉ះទង្គិចគ្នា ក្នុងនាមជាអ្នកជិតខាងល្អ ប្រកបដោយសាមគ្គីភាព និងមិត្តភាព។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ខណៈភាគីថៃ ដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២នោះភាគីទាំងពីរ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា រួមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង បន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អជាដើម។

ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ផងផងដែរថា នៅក្នុងកិច្ចប្រជុំនោះ មេភូមិភាគ៤កម្ពុជា និងមេភូមិភាគទី៥របស់ថៃ ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីផងដែរ។មួយវិញទៀតភាគីទាំងពីរក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងព្យាយាមបង្កើតនូវវិធានការជាក់ស្តែង សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។

បើតាមលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុ របស់ទាហាន ឬប្រជាជនដែលអាចនាំឱ្យមានភាពតានតឹងដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហាន ដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤:០០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia