Connect with us

ព័ត៌មាន

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មីប្រសិទ្ធនាមសម្តេចតេជោថា «ជាវីរបុរសចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ»

នៅព្រឹកទី២៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Marcos dos Reis da Costa ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ហើយវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បន្ទាប់ពីការចាកចេញរបស់ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតចាស់ បង្ហាញពីការយកចិត្តទុកដាក់របស់ទីម័រឡេស្តេមកលើកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសឯកឧត្តម José Ramos-Horta, ឯកឧត្តម Kay Rala Xanana Gusmão និង លោកជំទាវ Maria Fernanda Lay ដែលបានទទួលស្វាគមន៍ និងផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុតជូនសម្តេច ក្នុងអំឡុងពេលទស្សនកិច្ចកាលពីខែឧសភាកន្លងទៅនេះ។

នាឱកាសជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដល់ឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមបានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ឯកឧត្តមជូនសម្តេចតេជោ។

ឯកឧត្តម ក៏បានពាំនាំនូវសារជាពិសេសរបស់ ឯកឧត្តម Kay Rala Xanana Gusmão ដែលថា “ឯកឧត្តមនាយករដ្ឋមន្រ្តី ចងចាំមិនភ្លេចនូវអនុសាសន៍របស់សម្តេចក្នុងការធ្វើការងារជាមួយអង្គការសហប្រជាជាតិ”។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ឯកឧត្តមបានសម្តែងនូវការដឹងគុណ និងអរគុណបំផុតចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រសិទ្ធនាមសម្តេចតេជោថា ជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ ហើយឯកឧត្តម មានកិត្តិយស ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាពយូរអង្វែងរបស់ប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានពាំនាំនូវសំណើរបស់លោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រឡេស្តេ ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះសារផ្តាំផ្ញើសួរសុខទុក្ខ និងបានគូសបញ្ជាក់ថា សម្តេច មានសេចក្តីរីករាយក្នុងការចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ជាពិសេសការធ្វើការងារជាមួយ UNTAC។ សម្តេចតេជោ បានបន្តរំលឹកអំពីកិច្ចខិតខំប្រឹងប្រែង និងបទពិសោធរបស់កម្ពុជាដើម្បីចូលជាសមាជិកអាស៊ាន ហើយរហូតមកទល់នឹងពេលនេះ ទីម័រឡេស្តេ បានប្រើពេល ១៤ឆ្នាំ ក្នុងការរង់ចាំក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។ សម្តេចតេជោ បានបន្តថា នៅពេលដែលកម្ពុជាចូលជាសមាជិកអាស៊ាន ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានប្រាក់ចំណូលប្រមាណ ២៩៨ដុល្លារប៉ុណ្ណោះ ក្នុងខណៈពេលដែលបច្ចុប្បន្នប្រជាពលរដ្ឋទីម័រឡេស្តេម្នាក់ៗមានប្រាក់ចំណូលប្រមាណ ១ ៤៥៣ដុល្លារ។ ហេតុនេះ ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ មិនមែនជាបន្ទុកលើអាស៊ាននោះទេ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា បើទោះបីសម្តេច ចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី សម្តេចមានមោទនភាពដែល កម្ពុជាបន្តខិតខំប្រឹងប្រែងចលនាដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញគាំទ្រទីម័រឡេស្តេចូលសមាជិកពេញសិទ្ធិអាស៊ាន។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ចំពោះទំនាក់ទំនងទ្វេភាគី យើងត្រូវខិតខំបន្តជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំទីម័រឡេស្តេ សំដៅធ្វើឱ្យទំនាក់ទំនងយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមថា ទីម័រឡេស្តេ នឹងទទួលបានកិច្ចសហប្រតិបត្តិការជាច្រើនទៀត បន្ទាប់ពីចូលជាសមាជិកអាស៊ាន។

សម្តេចតេជោ ក៏បានបញ្ជាក់ថា សម្តេច គឺជាអ្នកសន្តិភាពនិយម ហើយជាក់ស្តែងបន្ទាប់ពីស្វែងរកបានសន្តិភាពពេលលេញជូនកម្ពុជា សម្តេចក៏បានដាក់ចេញនូវគោលដៅពីរសំខាន់គឺប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តួយ៉ាងព្រំដែនកម្ពុជាជាមួយ វៀតណាម និងឡាវជាដើម។

នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី សម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីកិច្ចសហប្រតិបត្តិការល្អនៃប្រទេសយើងទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia