ព័ត៌មាន
ក្រសួងអប់រំ៖ដំណើរការប្រឡងបាក់ឌុបពីរថ្ងៃនេះប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ខណៈលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញាខាងមុខ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ បានចេញសេចក្ដីប្រកាសប័ត៌មានបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។
ក្រសួងអប់រំ បានឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ បើទោះបីមានភ្លៀងធ្លាក់នៅរាជធានី ខេត្តចំនួន១៧ រួមមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ស្ពឺ កោះកុង កំពង់ចាម ព្រះសីហនុ សៀមរាប ប៉ៃលិន កណ្តាល បាត់ដំបង ព្រៃវែង និងរតនគិរី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ ពីសំណាក់ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងកិច្ចសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃនេះ បេក្ខជនអវត្តមានសរុប ១,៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង១,២៧ ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វ័យរិនអវត្តមាន ១,៥២២នាក់ (ស្រី ៥៨៦នាក់) និង បេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់ (ស្រី ១៦៥នាក់)។ បេក្ខជនមានបញ្ហាសុខភាព ២៦១ករណី ក្នុង នោះដាក់ឱ្យប្រឡងដាច់ដោយឡែក ៨៦ករណី ក្រោមការយកចិត្តទុកដាក់មើលថែទាំពីក្រុមគ្រូពេទ្យ។ បេក្ខជន មានជំងឺគ្រុនឈាម ១៣ករណី និងគ្រោះថ្នាក់ចរាចរណ៍ ៦ករណី។ គណៈមេប្រយោគមានបញ្ហាសុខភាព ៥៩ ករណី។ បេក្ខជនបោះបង់ការប្រឡងដោយសារបញ្ហាសុខភាព ៣ករណី។
បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង និងបានប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ហើយការយកសំណៅឯកសារចូលមណ្ឌលប្រឡងមានចំនួនតិចតួចបំផុត។ បេក្ខជនដែលបានប្រព្រឹត្តកំហុស ឆ្គងមាន ២ករណី និងគណៈមេប្រយោគ និងគណៈកម្មការនានាមានកំហុសឆ្គង ៥ករណី ហើយត្រូវបានកត់ត្រា ក្នុងរបាយការណ៍ពិសេស។
ដំណើរការសំណេរបានបញ្ចប់នៅម៉ោង ១៦:៣០រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ហឹបសន្លឹក កិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡងត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុត ដើម្បីត្រៀមនីតិវិធី បញ្ជូនមកកាន់រាជធានីភ្នំពេញសម្រាប់បន្តដំណើរការកំណែ។
ក្រសួងអប់រំបញ្ជាក់ថា៖«ជារួម ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ផ្សព្វផ្សាយតាម បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh»៕







-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព