ព័ត៌មាន
លោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក កើត ឆែ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពតរួចហើយកាលពីថ្ងៃ២៧ សីហាកន្លងមកនេះ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាង ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានវត្តមានចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រក្សាបាននូវសន្តិសុខសុវត្ថិភាពយ៉ាងល្អប្រសើរ មិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ។ ជាមួយគ្នានេះដែរ ខណៈមានជម្លោះនៅតាមព្រំដែន រដ្ឋបាលរាជធានីភ្នំពេញ បានគៀងគរសប្បុរជនឱ្យចូលរួមជាមួយរដ្ឋបាលរាជធានីក្នុងការបរិច្ចាកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដើម្បីប្រគល់ជូនទៅកងទ័ពជួរមុខ និងជនភៀសសឹក ចំនួន២១លើករួចមកហើយ។
ឯកឧត្ដម ឃួង ស្រេង បន្តថា អនុវត្តតាមការចង្អុលណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានី បានរៀបចំរថយន្តក្រុងសំរាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់រថយន្តចំនួន ៤៨០គ្រឿង។ ចំពោះការអភិវឌ្ឍរាជធានីឱ្យមានការអភិវឌ្ឍរីកចំរើន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ដោយមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិ និងបរទេស មកដើរលេងកំសាន្តក្នុង១ថ្ងៃពី៨ ទៅ១០ម៉ឺននាក់ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញដែលទើបប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ អង្គភាពនានា អង្គការសង្គមស៊ីវិល ពិសេសគឺសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។
ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលើកឡើងពីស្ថានភាពនៃជម្លោះព្រំដែន និងបានថ្លែងនូវការអរគុណចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្វែងរកសន្តិភាពជូនកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ដែលឈានទៅដល់មានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា បើទោះបីមានបទឈប់បាញ់ក្តី ក៏ប៉ុន្តែស្ថានភាពព្រំដែននៅតែមានបញ្ហាស្មុគស្មាញមិនចេះចប់។
ក្នុងឱកាសនោះដែរឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះក្រុមប្រឹក្សានិងគណៈអភិបាលរាជធានីភ្នំពេញ ដែលបានសម្រេចនូវលទ្ធផលការងារយ៉ាងល្អប្រសើរ ដែលនឹងរុញកម្ពុជាឱ្យសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ពេញ ធារម្យ អភិបាលរងរាជធានីដែលត្រូវបានតែងតាំងថ្មីបានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារ ការពាររាជរដ្ឋាភិបាលទោះក្នុងតម្លៃណាក៏ដោយ ប្តេជ្ញាគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ប្តេជ្ញាគោរពតាមសេចក្តីសម្រេចនានារបស់ក្រសួងមហាផ្ទៃ។ ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិសង្កាត់សុវត្ថិភាព។ ប្តេជ្ញាធានារក្សាសន្តិសុខសុវត្ថិភាព និងរក្សាសន្តិភាពឱ្យបានទោះបីក្នុងតម្លៃណាក៏ដោយ។ គោរពតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យបានម៉ឺងម៉ាត់បំផុត និងខិតខំបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព