ព័ត៌មាន
ក្រុមអ្នកសារព័ត៌មានបរទេស បានបន្តបំពេញបេសកកម្មចុះយកព័ត៌មាន ដោយផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់ចូលជាផ្លូវការ
(បន្ទាយមានជ័យ)៖ ក្រោយបញ្ចប់បេសកកម្មចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះពីសំណាក់ទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានបន្តចុះយកព័ត៌មានទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដោយផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរជាផ្លូវការ។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តបន្ទាយមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុ រាត្រី បានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានបរទេស និងកម្ពុជា ពីសកម្មភាពបំពានរបស់កងទ័ពថៃ ដោយបានបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីលំនៅឋានទាំងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ជាពិសេសកងទ័ពថៃ បានរំលោភបំពានយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរ។ ជាពិសេសសកម្មភាពបំពានរបស់កងទ័ពថៃ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ បានបន្តរាយបន្លាលួសព័ន្ធយកដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអីរបីជាន់ ប៉ុន្តែ សកម្មភាពបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា មិនបានសម្រេចនោះទេ ពោលគឺដោយសារប្រជាពលរដ្ឋជាម្ចាស់ដី និងបងប្អូនប្រជាពលរដ្ឋខ្មែរ បានសហការគ្នាបណ្តេញកងទ័ពថៃ ឱ្យដកថយទៅវិញ ដោយមិនមានការប៉ះទង្គិចគ្នានោះឡើយ។
ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» “Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
សិក្ខាសាលាអមដោយការចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានអន្តរជាតិ បានធ្វើដំណើរទស្សនកិច្ចទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយបានសម្ភាសជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋភៀសសឹក ផងដែរ។
ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានតំបន់អាស៉ី បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋស៉ីវិល។និងបន្តចុះពិនិត្យជាក់ស្តែងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល៕































-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ