ព័ត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រុមការងារពាក់ព័ន្ធនឹងដំណើរការកំណែ ដើម្បីធានាឱ្យបាន សុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងលទ្ធផល “អ្នកចេះគឺជាប់”
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្ដម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ បុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុបចំនួនប្រមាណ ២១១ រូប។

ក្រសួងអប់រំបានកំណត់យកវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែដោយ មួយមណ្ឌលកំណែកែមួយមុខវិជ្ជា។ គណៈកម្មការកំណែ ពិសេសអ្នកកែ ត្រូវគោរពឱ្យបាននូវគោលការណ៍ដែលបានកំណត់នៅគ្រប់ដំណាក់កាលការងារ រួមមាន៖ (១) ការកំណត់ល្បឿននៃការកែកិច្ចការបេក្ខជន (២) ការកំណត់ចំនួនដុំកិច្ចការដែលត្រូវកែ (៣).ការប្រជុំណែនាំអំពីអត្រាកំណែ និងរបៀបកែ (៤) ការកែដោយអ្នកកែពីរនាក់ និងការពង្រឹងយន្តការក្នុងការតាមដាន (៥) ការពង្រឹងយ៉ាងម៉ឺងម៉ាត់ការអនុវត្តនូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះអ្នកកែជាដើម។ល។

ក្នុងគោលដៅធានាឱ្យបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផល “អ្នកចេះគឺជាប់” ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ពាក់ព័ន្ធនឹងដំណើរការកំណែ ដូចជា ៖ ១) ពង្រឹងយន្តការកំណែតាមលំដាប់លំដោយឱ្យបានត្រឹមត្រូវពេញលេញ មិនអនុញ្ញាតឱ្យរំលងជំហានណាមួយឡើយ ២) ពង្រឹងវិន័យ និងប្រសិទ្ធភាពការងាររបស់ក្រុមមុខវិជ្ជា ៣) ពង្រឹងប្រព័ន្ធកែ២ដង ជាការផ្ទៀងផ្ទាត់ ពិនិត្យពីលើបន្ថែម ៤) បន្ថែមពីលើការណែនាំផ្ទាល់មាត់ ត្រូវតែមានការអនុវត្តសាកល្បងជាក់ស្តែង ដោយមានការណែនាំពីប្រធានមណ្ឌល ៥) សូមផ្តោតលើការកែឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់លើការរៀបចំលំហូរការងារ និងដុំសន្លឹកកិច្ចការបេក្ខជន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មីមួយចំនួនពាក់ព័ន្ធនឹងការហាមឃាត់ ៩ចំណុច ឆ្លើយតបនឹងស្ថានភាពថ្មីៗក្នុងការប្រឡងឆ្នាំនេះ ដូចជា៖
(១) ចំពោះបុគ្គលិកអប់រំ៖ ការយកចូល និងប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងមណ្ឌលកំណែ ត្រូវហាមឃាត់។ អ្នកដែលអ្នកប្រព្រឹត្តល្មើសគោលការណ៍ណែនាំណាមួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត។ សូមរៀបចំហឹបសុវត្ថិភាព ដើម្បីរក្សាទុកទូរស័ព្ទរបស់ក្រុមការងារកំណែ ហើយសម្រាប់អ្នកដែលមិនអាចទុកទូរស័ព្ទក្នុងហឹបសុវត្ថិភាពបានមុនចូលអនុវត្តការងារនៅក្នុងមណ្ឌលកំណែ ត្រូវលាលែងពីការងារកំណែភ្លាម។
(២) ហាមឃាត់ដាច់ខាតការថតទុក និងបង្ហោះសន្លឹកកិច្ចការសិស្ស។
(៣) មិនត្រូវយកប្រធានវិញ្ញាសា និងអត្រាកំណែចេញពីប្រធានមណ្ឌល។
(៤) ត្រូវប្រគល់ប្រធានវិញ្ញាសា និងអត្រាកំណែជូនគណៈកម្មការកណ្តាលនៃមណ្ឌលកំណែវិញជារៀងរាល់ថ្ងៃក្រោយពេលកែចប់។
(៥) សម្រាប់មហាជនទូទៅ៖ ហាមឃាត់ការថតចម្លង និងផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនពេលចេញលទ្ធផលប្រឡង។ អ្នកប្រព្រឹត្តល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការធ្វើបែបនេះ គឺដើម្បីរក្សាបាននូវប្រព័ន្ធប្រឡងដែលយុត្តិធម៌ សុក្រឹតភាព និងទុកចិត្តបាន ជាពិសេសដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ សំដៅពង្រឹងជំនឿចិត្តបេក្ខជនចំពោះប្រព័ន្ធប្រឡង។
(៦) ក្រសួងនឹងចេញប្រកាសគ្រប់គ្រងសាលាបង្រៀនគួរឯកជន ត្រៀមសម្រាប់ការប្រឡងទាំងអស់ ដើម្បីបង្កើនការទទួលខុសត្រូវ
(៧) ហាមបង្ហោះព័ត៌មានមិនច្បាស់ការ ដោយសង្កេតឃើញថាសាលាបង្រៀនគួរឯកជនមួយចំនួនចូលចិត្តបង្ហោះព័ត៌មានគ្មានប្រភពច្បាស់លាស់ ដើម្បីបង្កើនប្រជាប្រិយភាព
(៨) ក្រសួងនឹងថ្លឹងថ្លែងរវាងផលប្រយោជន៍រួមរបស់ប្រទេសជាតិដែលចាំបាច់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការត្រួតពិនិត្យផលប្រយោជន៍ឯកជន ដើម្បីបង្ការភាពអាណាធិបតេយ្យ
(៩) ក្រសួងនឹងផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ក្រោយពេលប្រកាសលទ្ធផលប្រឡងជាផ្លូវការ។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយដែលបានផ្តល់កិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់តាំងពីចាប់ផ្តើមការប្រឡងរហូតមកដល់ពេលនេះ ដោយគូសបញ្ជាក់ថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺជាកូនសោរជោគជ័យមួយ ក្នុងការជំរុញប្រសិទ្ធភាពនៃការអនុវត្តយន្តការប្រឡង និងការទទួលខុសត្រូវចំពោះមហាជនឱ្យមានភាពគត់មត់។ ជាមួយគ្នានេះ សូមជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសទាំងអស់បន្តខិតខំប្រឹងប្រែងសហការចែករំលែកបទពិសោធគ្នាដើម្បីជំរុញឱ្យដំណើរការកំណែឆ្នាំនេះ ប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងជោគជ័យ រក្សាបាននូវសុក្រឹតភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន៕







-
ព័ត៌មាន1 day agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន3 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន3 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន1 week agoសមាគមពលរដ្ឋខ្មែរទាំង៦ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ សម្តេចធិបតី សម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ