ព័ត៌មាន
ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ជូនពលរដ្ឋយកទៅដាំ ដើម្បីជួយបង្កើនគម្របបៃតងនៅកម្ពុជា
ដើម្បីឱ្យស្របតាមរដូវកាល ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាននៅបន្តចែកជូនកូនឈើ ដោយឥតគិតថ្លៃដល់សាធារណជនពីថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នានាផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួអបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានកូនឈើចម្រុះ ចំនួនជាង ៣០ម៉ឺនដើម ក្នុងមានប្រភេទឈើបេង នាងនួន រាំងទឹក ដើមគរ ដើមអំពិលទឹកបារាំង(ច័ន្ទគីរី) ដើមអំពិលផ្អែម ដើមក្ងោក លឿងរាជ និងដើមផ្កាក្រដាស ជាដើម។ ដើម្បីទទួលបានកូនឈើយកទៅដាំ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សូមសាធារណជនមេត្តារួសរាន់ ទំនាក់ទំនងមកក្រសួងបរិស្ថាន ឬទាក់ទង៖
១) ឯកឧត្តម ខ្វៃ អាទិត្យា (Tel & Telegram: 012 683 968)
២)លោកជំទាវ មាស ច័ន្ទធីតា (Tel & Telegram: 095 585 887)
និង៣) ឯកឧត្តម សែម ហាក់ (Tel & Telegram: 085 755 566)

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ប្រជាជន និងប្រទេសកម្ពុជា យើងអាចទទួលបានប្រយោជន៍ជាច្រើននាពេលអនាគតពីការដាំដើមឈើ ទទួលបានផលទាំងសេដ្ឋកិច្ច និងសុខុមាលភាព។ ពោល គឺដើមឈើដែលបានដាំដុះទាំងអស់នោះ នៅពេលធំធាត់ទៅនឹងស្រូបយកកាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងចូលរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ចូលរួមដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការរៀបចំអភិវឌ្ឍន៍គោលដៅលំហែបៃតងជាដើម។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

នៅក្នុងសសរស្ដម្ភទីពីរ «ភាពបៃតង» គឺជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកចលនាដាំដើមឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ក្រសួងបរិស្ថាន បានរៀបចំថ្នាល់បណ្តុះកូនឈើនៅទូទាំងរាជធានីខេត្ត និងធ្វើការបណ្តុះកូនឈើប្រណិតដូចជា ក្រញូង បេង នាងនួង ធ្នង់ កកោះ ស្រឡៅ ប្រភេទកូនឈើហូបផ្លែ កូនឈើព្រៃលិចទឹក កោងកាង និងជាពិសេសកូនត្នោត ដែលបណ្តុះ និងថែទាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបានធ្វើការចែកកូនឈើដែលបានបណ្តុះទាំងនោះ ជូនដល់សាធារណជនដោយឥតគិតថ្លៃតាមរយៈយុទ្ធនាការ«ពន្លកបៃតង»។

ក្រសួងបរិស្ថានបានជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបានបង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ចំនួន៥ កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នៅឆ្នាំ២០២៥ កូនឈើចម្រុះ ជាង ៣,៤លានដើម ក្នុងនោះមានកូនឈើព្រៃ២លានដើម ឈើហូបផ្លែជាង១៤ម៉ឺនដើម និងកូនត្នោតជាង១,៣ លានដើម ត្រូវបានបណ្តុះ និងបានចែកជូនសាធារណជន ជាបន្តបន្ទាប់យកទៅដាំ នៅតាមទីសាធារណៈនានា តាមសាលារៀន វត្តអារាម តាមលំនៅឋាន និងដាំស្តារព្រៃតាមសហគមន៍ ។ល។ ក្នុងឆ្នាំ២០២៥នេះ កូនឈើ ចំនួន២,៧លានដើម ក្នុងនោះកូនត្នោតប្រមាណ៩០ម៉ឺនដើម ត្រូវបានចែកជូនប្រជាពលរដ្ឋយកទៅដាំរួចមកហើយ។ នៅក្នុងឆ្នាំនេះដែរ ក្រសួងមានគម្រោងចែកកូនឈើជូនសាធារណៈជនយកទៅដាំចំនួន៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម៕



-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន3 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញនឹងអនុវត្តវិធានការជំរុញឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី
-
ព័ត៌មាន1 week agoសហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ