Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលលើកទឹកចិត្តដល់វិនិយោគិន ដែលធ្វើការវិនិយោគនៅភូមិភាគឦសាន

វិនិយោគិនដែលវិនិយោគនៅភូមិភាគឦសាន និង​ទទួល​បាន​ការ​គាំទ្រ​គ្រប់​ជ្រុង​ជ្រោយ​ពី​រាជ​រដ្ឋាភិបា​ល​ តាមរយៈការលើកទឹកចិត្ត ផ្នែកពន្ធដារ និងពន្ធគយ, ការផ្តល់​ហិរញ្ញប្ប​ទាន​ក្រោម​អត្រា​ការ​ប្រាក់​សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការ​គាំទ្រ​សកម្មភាព​វិនិយោគឯកជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) លើកឡើងក្នុងវេទិកាជំនួបរវាងក្រុមការងារ ជំរុញ ការ​វិនិយោគ​ក្នុង​ភូមិ​ភាគឦសាន និង​វិនិយោគិន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា កម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ ឦសាន មិនត្រឹមតែជាគោលនយោបាយលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជា​យុទ្ធ​សាស្ត្រ​ឆ្លើយ​តបទៅនឹងបញ្ហាប្រឈម នៅក្នុងបរិការណ៍ បច្ចុប្បន្នរបស់វិនិយោគិន ព្រមទាំង​ជំរុញ​ឱ្យ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្ដល់ការសម្រួល និងភាពកក់ក្ដៅជាអតិបរមាជូនវិនិយោគិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ចែករំលែកនូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បី​ឱ្យ​កម្ម​វិធី​ពិសេស​ជំរុញ​ការ​វិ​និយោគក្នុងខេត្តនៅភូមិ ភាគឦសាន ឱ្យដំណើរការទៅមុខប្រកបដោយជោគជ័យ ស្រប​តាម​ចក្ខុ​វិស័យ​របស់​ប្រមុខរាជរដ្ឋាភិបាលរួមមាន៖ ការបន្តពង្រឹងយន្តការ «សេវា​ច្រក​ចេញ​ចូល​តែ​មួយ​» ​ដោយពង្រឹងសិទ្ធិអំណាចប្រតិភូកម្មរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែល​ជាក្រុមការងារអន្តរក្រសួង ដើម្បីសម្រួលនីតិវិធីពិនិត្យ អនុម័ត និងតាមដាន​ការ​អនុវត្ត​គម្រោង​វិនិយោគ ក៏ដូចជាលុបបំបាត់ការ ចំណាយធនធានមិនចាំបាច់ និងភាពយឺត​យ៉ាវ​ខាង​ផ្នែក​នីតិ​វិធី និងរដ្ឋបាលដែលបង្កឱ្យមានភាពរារែកពីវិនិយោគិន។ ការពង្រឹង សមត្ថភាពតួអង្គពាក់ព័ន្ធ រួម​ទាំង​រដ្ឋបាល និងមន្ទីរជំនាញខេត្ត អំពីកម្មវិធីពិសេស, នីតិវិធីប្រតិបត្តិ​នានា​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ និងសក្តានុពលវិនិយោគរបស់ភូមិភាគឦសាន តាមសិទ្ធិអំណាចនៃស្ថាប័នរៀងៗខ្លួន។ ការ​ជំរុញនៃការចូល រួមពីសំណាក់ភាគីពាក់ព័ន្ធ តាមរយៈការពង្រឹង និងការ​រក្សា​ទំនាក់​ទំនង​សកម្ម​រវាង ក.វ.ឦសាន, រដ្ឋបាល និងមន្ទីរជំនាញខេត្ត, សហគមន៍មូលដ្ឋាន និង វិនិយោគិនជាតិ និង​អន្តរជាតិនានា ដើម្បីបង្កើតនូវប្រព័ន្ធគាំទ្រ ដែលការពារ និងធានា​និរន្តរ​ភាព​នៃ​ការ​វិនិយោគ​នៅ​ភូមិ​ភាគ​ឦសាន សំដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ចំពោះបណ្តា​ខេត្ត​ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​កំណើន​, ជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិ និងបំពេញ បន្ថែមលើយុទ្ធសាស្ត្រ និង​គោល​នយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការមាន លក្ខណៈជាកញ្ចប់ និងប្រទាក់ក្រឡា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

កម្ម​វិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានកំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ពីសំណាក់វិនិយោ- គិន និងធុរជន តាមរយៈ​ការ​លើក​ទឹក​ចិត្ត​ពិសេស​ផ្សេង​ៗ​សម្រាប់​ការ​វិនិយោគ​ គួបផ្សំនឹងការដោះស្រាយបញ្ហាប្រឈមនានារបស់ វិនិយោគិន, ការបំពេញ​បន្ថែម​ពី​គោល​នយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​យុទ្ធ​សាស្ត្រសំខាន់ៗ រួមទាំងការកសាងផ្លូវក្រវាត់ព្រំដែន, ព្រែកជីកហ្វ៊ូណនតេជោ, កំពង់​ផែ​ពហុ​បំណង​ និងព្រលានយន្តហោះជាដើម ដែលនឹងជួយដល់កម្មវិធីពិពិធកម្មផលិតផល, ពង្រឹង​ភាព​តភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធបន្ថែមទៀត និងប្រព័ន្ធឡូជីស្ទិក ដើម្បីគាំទ្រដល់ បរិយាកាស​វិនិយោគ​ទាំង​មូល​នៅ​កម្ពុជា។ គួរបញ្ជាក់ថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីពិសេសនេះ, វិនិយោគិនអាច​ទទួល​បាន​ការ​គាំទ្រ​គ្រប់ជ្រុងជ្រោយតាមរយៈ៖ ការលើកទឹកចិត្តផ្នែកពន្ធដារនិងពន្ធគយ, ការផ្តល់​ហិរញ្ញ​ប្ប​ទាន​ក្រោមអត្រាការប្រាក់សមរម្យ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង​ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), និងការជួយកាត់ បន្ថយ​ថ្លៃ​ដើម​ផលិត​កម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia