ព័ត៌មាន
ផលិតផលខ្មែរធ្វើពីកក់ និងល្ពាក់ជាច្រើនកុងតឺនឺរបន្ថែមទៀតគ្រោងនឹងនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិកនៅដើមខែតុលា
នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានឱ្យដឹងថា នៅដើមខែតុលាខាងមុខនេះ ផលិតផលខ្មែរមានដូចជាកាបូប និងកន្រ្តកជាដើម ធ្វើអំពីកក់ និងល្ពាក់គ្រោងនឹងនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក ដើម្បីដាក់តាំងបង្ហាញលក់ និងផ្គត់ផ្គង់លក់បន្តថែមទៀតនៅខាងប៉ែកអឺរ៉ុប។
លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍នៃគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា រហូតមកដល់ពេលនេះ ផលិតផលខ្មែរកាន់តែច្រើនត្រូវបាននាំចេញទៅទីផ្សារក្រៅស្រុក ក៏ដូចជាមានការបញ្ជាទិញជាបន្តបន្ទាប់ផងដែរ ដោយសារតែការខិតខំប្រឹងប្រែងរបស់កូនខ្មែរ ក្រោមពាក្យថា “ខ្មែរអាចធ្វើបាន” ទាំងគុណភាព និងស្តង់ដារសម្រាប់ទីផ្សារអន្តរជាតិ។
លោកបានបន្តថា កន្លងមកការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះមានមូលដ្ឋានសិប្បកម្មមួយស្ថិតនៅខេត្តសៀមរាប ដែលមានលក្ខណៈជាប្រព័ន្ធ រៀបចំតាំងពីមូលដ្ឋានរហូតទៅដល់ទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ ដោយមើលឃើញថា វប្បធម៌នៃការផលិតនេះ នឹងពង្រីកទៅដល់ទីកន្លែងជាច្រើនទៀត ដើម្បីពង្រីកនូវឱកាសការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗថែមទៀត ក្រៅពីផលិតផ្គត់ផ្គង់លក់ទីផ្សារក្នុងស្រុក។
កញ្ញា ឃុន សុខបាន ប្រធានទីផ្សារនៃក្រុមហ៊ុននាំចេញនៅកម្ពុជា បានឱ្យ ប៊ីធីវី ដឹងថា គិតចាប់តាំងពីក្រុមហ៊ុនដំណើរការក្នុងឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ននេះ ការនាំចេញផលិតផលជាកាបូប កន្រ្តក ដែលធ្វើពីកក់ និងល្ពាក់នេះ ក្នុងមួយខែៗ មានចំនួនប្រមាណ ៣ ឬ ៤កុងតឺនឺ ដោយសារសន្ទុះនៃការគាំទ្រពីសំណាក់បរទេសនៅសហរដ្ឋអាម៉េរិក ក៏ដូចជានៅទីផ្សារប្រទេសផ្សេងៗទៀតខាងប៉ែកអឺរ៉ុប ដូចជាកាណាដា និងអាល្លីម៉ង់ជាដើម ដែលនាំចេញតាមរយៈក្រុមហ៊ុននៅសហរដ្ឋអាម៉េរិក។
ជាមួយនេះ កញ្ញាបានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយសារមានការជួយជ្រោមជ្រែង និងលើកស្ទួយជាខ្លាំងនូវផលិតផលជាស្នាដៃកូនខ្មែរ ក៏ដូចជាការជួយសម្របសម្រួលក្នុងការបើកទីផ្សារជូនដល់ប្រជាពលរដ្ឋជាសហគមន៍មូលដ្ឋាន។
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចងក្រងបណ្ដុំអ្នកផលិត ក៏ដូចជា ដាក់បញ្ចូលផលិតផលសក្តានុពលនានារបស់ផលិតផលខ្មែរ ជាសមាជិកភូមិមួយផលិតផលមួយ ដើម្បីងាយស្រួលផ្ដល់នូវការគាំទ្រផ្នែកបច្ចេកទេស ក៏ដូចជាស្វែងរកទីផ្សារជូនអ្នកផលិត។ គណៈកម្មាធិការនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តទៅដល់កសិករ ក៏ដូចជាលើកស្ទួយផលិតផលរបស់ខ្មែរឱ្យកាន់តែរីកចម្រើន ជាពិសេសបង្ហាញទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ឲ្យបានដឹងពីគុណតម្លៃ និងគុណភាពរបស់ផលិតផលក្នុងស្រុក៕ អត្ថបទ៖ ឈិត បូរ៉ាវី












-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន4 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន