Connect with us

ព័ត៌មាន

បារំាងប្រកាសថាខ្លួនតាមដានជម្លោះព្រំដែនកម្ពុជា និងថៃជាប្រចាំ ហើយ​គំាទ្រ​ភាគី​ទាំង​ពីរ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី

ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អូលីវីយ៉េ រីឆាដ(OLIVER RICHARD) បានប្រកាសថា រដ្ឋាភិបាលបារាំង បានកំពុងតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​សភាពការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និង ថៃ ប៉ុន្តែបារាំងសូមគាំទ្រ​ផង​ដែរ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ការ​ដោះស្រា​យគ្នាដោយសន្តិវិធី។

នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក អូលីវីយ៉េ រីឆាដ បានគូសបញ្ជាក់ថា រដ្ឋាភិបាល​បារំាង​បាន​តាម​ដាន​ព័ត៌មាន​ពី​សភាព​ការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា និងថៃជាប់ជាប្រចាំ ហើយបារំាងក៏គំាទ្រផងដែរ ការដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិជាដើមនោះ។

ថ្លែង​នៅក្នុងកិច្ចជំនួបនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​ប្រធានា​ធិបតី​បារំាង ក៏ដូជាពលរដ្ឋបារំាង ដែលបានសម្តែង​ការ​ព្រួយ​បារម្ភ​ភា្លមៗ​នៅ​ក្រោយ​ការ​ឈ្លាន​ពាន​បាន​កើតមានឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភា បន្តថា ប្រធានាធិបតីបារំាង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) បាន​អបអរ​សាទរ​បទ​ឈប់បាញ់ ដោយសង្ឃឹមថាជម្លោះនឹងត្រូវបានដោះស្រាយ ប៉ុន្តែមិនដូច្នេះ​ទេភាគី​ថៃ​បាន​រំលោភ​បទ​ឈប់បាញ់ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាពលរដ្ឋ​កម្ពុជា​ស្លូត​ត្រង់​ម្តង​ហើយ​ម្តងទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងទៀតថាបញ្ហាព្រំដែនកម្ពុជា-ថៃមិនមែនជារឿង​ថ្មី​ទេ​ ពោលគឺវាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រទេសថៃ បដិសេធ​មិន​ប្រើ​ប្រាស់​ផែន​ទី​ទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម (Franco-Siamese) និង​អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ថៃប្រើប្រាស់ផែនទីឯកតោភាគី។

សម្តេចបាន​គូសបញ្ជាក់ទៀតថា កម្ពុជាប្រាថ្នាចង់រួម​រស់​នៅ​ដោយ​សន្តិ​វិធី​ជាមួយ​ប្រទេស​ជិត​ខាង​ជា​មិត្ត​ល្អ ​ហើយនៅ​តែប្តេជ្ញា​យ៉ាង​មុត​មាំ​ក្នុង​ការ​ប្រែ​ក្លាយ​ព្រំដែន​របស់​យើង​ទៅ​ជា​ព្រំដែន​នៃ​មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្តេចប្រធានរដ្ឋសភា បានប្រាប់​ទៅ​ឯក​អគ្គ​រដ្ឋទូតបារាំងទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហាដោយសន្តិវិធី អត់ធ្មត់ ដើម្បីការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋ ដោយ​សារ​កម្ពុជា​ស្គាល់​នូវ​រស់ជាតិសង្រ្គាម ដូច្នេះមិនចង់ឱ្យពលរដ្ឋរងទុក្ខលំបាកជាថ្មីម្តងទៀតនោះទេ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងទៀតថា សម្តេចធិបតី នាយករដ្ឋមន្រ្តី បាន​បញ្ជាក់​ជំហរពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និង​បណ្តាប្រទេសជាមិត្តនានារួចហើយ ដូច្នេះសមង្ឃឹមថាជម្លោះនេះ នឹងដោះ​ស្រាយ​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ។​

ដោយឡែកទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងបារំាងវិញ សម្តេចប្រធានរដ្ឋសភា និង​ឯកឧត្តម អូលីវីយ៉េ រីឆាដ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្រ្ត នៃ​ប្រទេស​ទំាង​ពីរ​ដែលមានតំាងពីយូរមកហើយ។ ឯកឧត្តមអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តម អេម៉ា​នុយ​អែល ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជានៅឆ្នាំ២០២៦ខាងមុខ ដើម្បី​ចូល​រួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប។ តាមរយៈដំណើរទស្សនកិច្ចនេះ បារំាង​នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ​វប្បធម៌ សុខាភិបាល ជាដើម។

ទាក់​ទងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងមកកម្ពុជានេះ សម្តេចរដ្ឋសភាធិបតី បាន​មាន​ប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា​នឹង​បង្ហាញ​ពី​ឱកាសពិសេសមួយក្នុងការលើកកម្ពស់ភាពជាដៃគូរបស់យើងបន្ថែមទៀត និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្តេចបាន​កត់​សម្គាល់​ថា​ថ្នាក់​ដឹក​នាំ​ប្រទេស​ទំា​ងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នាពេលកន្លងមក ព្រះករុណា ព្រះ​បាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​យាង​បំពេញ​ទស្សនកិច្ចនៅបារំាង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទើប​បាន​បំពេញទស្សនកិច្ចនៅបារំាង ហើយសម្តេចប្រធានរដ្ឋសភាផ្ទាល់ ក៏បាន​បំពេញ​ទស្សន​កិច្ច​នៅ​បារំាង​កាល​ពីឆ្នាំ២០២៤ផងដែរ។

នៅក្នុងកិច្ច​ជំនួបនោះដែរ សម្តេច រដ្ឋសភាធិបតី ឃួន សុដារី ក៏បានឲ្យដឹងផងដែរថា នៅក្នុងខែ​តុលា​ខាង​មុខនេះ សម្តេចរដ្ឋសភាធិបតី ក៏នឹងធ្វើទស្សនកិច្ចនៅបារំាងម្តងទៀត ដើម្បីចូលរួម​វេទិកា​អន្តរជាតិនិយាយអំពីសន្តិភាព តបការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាបារំាង។ សម្តេចរដ្ឋសភាធិបតី បានបន្តថា រដ្ឋសភាកម្ពុជា និង​បារំាង​បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា។ តាមរយៈអនុស្សរណៈនោះ រដ្ឋសភា​បារាំង​បាន​គំាទ្រដល់គម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជា ជាសភាឌីជីថល និងបានផ្តល់​ឱកាស​ជូន​ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្លាស់ប្តូរបទពិសោធន៍ការងារ រយៈពេល​ខ្លី​នៅ​រដ្ឋសភាបារំាង ផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia