ព័ត៌មាន
ឯកឧត្ដម ហេង សួរ ណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាបី មុនពេលសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួនបី យ៉ាងតិច មុនធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទី១ គឺ ឧបនិស្ស័យ ឬដុងពីកំណើតរបស់ក្មួយៗម្នាក់ៗ ទី២ ក្ដីស្រមៃរៀងៗខ្លួន និងទី៣ វិភាគអំពីតម្រូវការទីផ្សារការងារទៅថ្ងៃអនាគត។
ឯកឧត្ដម ហេង សួរ បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីការិយាល័យអប់រំស្រុក នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ថា សម្រាប់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេស A និង B គួរតែសិក្សាលើមុខជំនាញ ដូចជា ពេទ្យ, វិទ្យាសាស្រ្ដកុំព្យូទ័រ, មេកាត្រូនិក, មេកានិករថយន្ត, វិភាគហិរញ្ញវត្ថុ, វិស្វកម្មសំណង់, គីមីសាស្រ្ដ និងម្ហូបអាហារ ក៏ដូចជាគ្រូបង្រៀនជាដើម។
ចំណែកឯក្មួយៗប្រឡងជាប់និទ្ទេស C ដល់ E អាចជ្រើសរើសយកជំនាញសិក្សា ដូចជា ច្បាប់, ទីផ្សារ, គ្រប់គ្រង និងជំនាញសេវាកម្ម ជាពិសេសគឺជំនាញបដិសណ្ឋារកិច្ច។ រីឯក្មួយៗសិស្សានុសិស្សដែលមិនបានប្រឡងជាប់នៅឆ្នាំនេះគួរកុំទាន់អស់សង្ឈឹម ដោយ ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំឱ្យក្មួយៗអាចចូលរៀនថ្នាក់បរិញ្ញាបត្ររង ឬរៀនសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬក៏អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីសិក្សាស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បាន ក្នុងនោះឯកឧត្ដមធានាផ្ដល់អាហារូបករណ៍ជូន។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា បណ្ដាសាកលវិទ្យាល័យនានា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានពង្រឹងគុណភាព និងត្រូវបានវិនិយោគលើសម្ភារៈបរិក្ខារដូចគ្នាដែរ។ ដូច្នេះ ក្មួយៗសិស្សានុសិស្ស អាចជ្រើសរើសរៀននៅសាលាមួយណាក៏បាន ដោយឯកឧត្ដមកត់សម្គាល់ថា សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយៗ តែងតែមានឧត្ដមភាព និងមុខជំនាញខ្លាំងរៀងៗខ្លួន។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានរំលឹកដល់សិស្សានុសិស្សម្នាក់ៗក្នុងការធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា នៅថ្នាក់ឧត្ដមសិក្សាតាមចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ក្រុមគ្រួសារ។ ប៉ុន្តែប្រសិនបើមានសិស្សានុសិស្សណា មិនចង់ចំណាយពេលលើការសិក្សារហូតដល់ ៤ឆ្នាំនោះ ដែលត្រូវចំណាយធនធានច្រើន ប្អូនៗអាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) បាន ដែលចំណាយពេលខ្លីត្រឹមតែ៤ ទៅ៦ខែ នោះសិក្ខាកាមអាចមានការងារធ្វើ ឬក៏អាចប្រកបមុខរបរដោយខ្លួនឯងបាន។
បើតាម ឯកឧត្ដមអភិបាល បានបញ្ជាក់ថា គិតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ចាម មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានចុះឈ្មោះចូលរៀន TVET 1.5M ជាង ១ ០០០នាក់ និងបានចេញទៅធ្វើការ និងប្រកបមុខរបរមួយចំនួនផងដែរ៕










-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន4 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន