ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៌ស្តីពី «ស្នាដៃមរតកមនុស្សរស់» រយៈពេល០៣ថ្ងៃ
ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រ បានអញ្ជើញជាអធិបតីសម្ពោធពិព័រណ៌ស្តីពី «ស្នាដៃមរតកមនុស្សរស់» ប្រព្រឹត្តិទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណសារមន្ទីរខ្លែងខ្មែរ។
ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានលើកឡើងថា ពិព័រណ៍ស្នាដៃមរតកមនុស្សរស់ដ៏មានសារៈសំខាន់ក្នុងពេលនេះ នឹងបើកជូនសាធារណជនទស្សនា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០នាទី រសៀល ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ក្រោមការដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋាបច្ចេកទេស វប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសហការចូលរួមឧបត្ថម្ភដោយមីជាតិ និងវីតាល់ ក្នុងគោលបំណង៖ បើកឱកាសដល់សាធារណជន យុវជន សិស្ស និស្សិត បានចូលទស្សនា និងស្វែងយល់ស៊ីជម្រៅ ស្នាដៃដ៏លេចធ្លោរបស់មរតកមនុស្សរស់ ព្រមទាំងបង្ហាញពីសក្ខីភាពនៃទេពកោសល្យដ៏ប៉ិនប្រសប់ ក្នុងការបង្កើត និងច្នៃប្រតិដ្ឋតាមឯកទេសជំនាញនីមួយៗ លើកតម្កើង និងបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការតាំងបង្ហាញស្នាដៃ ទេពកោសល្យ ជំនាញ និងបច្ចេកទេសរបស់មរតកមនុស្សរស់ ផ្សព្វផ្សាយឱ្យសាធារណជនបានយល់ដឹងអំពីសារៈសំខាន់ និងតួនាទីគន្លឹះនៃបេតិកភណ្ឌវប្បធម៌អរូបី ក្នុងសង្គមខ្មែរ ជំរុញដល់ការគាំទ្រ ការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីឱ្យបានគង់វង្សយូរអង្វែងជានិរន្ត។ ព្រឹត្តិការណ៍ពិព័រណ៍នាពេលនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹង បណ្តុះស្មារតីឱ្យយុវជនចេះស្រឡាញ់ ចូលរួមបន្តវេន ថែរក្សា និងការពារមរតកវប្បធម៌ជាតិឱ្យបាន។
ទន្ទឹមគ្នានោះដែរ លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានមានប្រសាសន៍ថា ស្នាដៃមរតកមនុស្សរស់ បានន័យថាបញ្ជាក់អំពីបេតិកភណ្ឌអរូបី ហើយបេតិកភណ្ឌអរូបី ដក់នៅក្នុងខ្លួនមនុស្ស នៅជាប់នឹងមនុស្ស កាលណាមនុស្សបាត់បង់ ស្នាដៃបេតិកភណ្ឌអរូបី ក៏បាត់បង់ផងដែរ។ ដូច្នេះតម្រូវឲ្យពួកគាត់ផ្សព្វផ្សាយនូវអ្វីដែលគាត់មាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាយើង ជាទឹកដីសម្បូណ៌ដោយសម្បត្តិវប្បធម៌ ទាំងរូបី និងអរូបី ដែលបុព្វបុរសដូនតាបានបង្កើតមកតជាច្រើនជំនាន់ និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ មរតកវប្បធម៌ ទាំងរូបី និងអរូបីទាំងអស់នេះ បានកំណត់ឱ្យយើងនូវអត្តសញ្ញាណ និងព្រលឹងជាតិមិនអាចកាត់ថ្លៃបាន ហើយក៏ជាប្រភពធនធានមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសតាមរយៈវិស័យទេសចរណ៍, ផលិតផល និងសេវាកម្មវប្បធម៌។ មរតកវប្បធម៌ជាតិ មិនមែនមានត្រឹមតែប្រាសាទ សំណង់ប្រវត្តិសាស្ត្រ បុរាណដ្ឋាន ឬ វត្ថុបុរាណ នានាប៉ុណ្ណោះទេ ពោលគឺរួមបញ្ចូលទាំង ចំណេះជំនាញ បច្ចេកទេស សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងកិច្ចប្រតិបត្តិនានា ដែលចាត់ទុកជា មរតកវប្បធម៌អរូបី និងមានទម្រង់ផ្សេងៗគ្នាជាច្រើន ដូចជា៖ តន្ត្រី របាំ ល្ខោន ចម្លាក់ អក្សរសាស្ត្រ អក្សរសិល្ប៍ ពិធីបុណ្យ ល្បែងប្រជាប្រិយ៍ ម្ហូបអាហារ ឱសថបុរាណ សម្លៀកបំពាក់, និងឧបករណ៍ប្រើប្រាស់នានា។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា មរតកវប្បធម៌អរូបីទាំងនេះ គឺកើតចេញពីចំណេះដឹង ជំនាញ បច្ចេកទេស ទេពកោសល្យ និងភាពច្នៃប្រតិដ្ឋរបស់សិល្បករ និងអ្នកជំនាញចាស់ទុំ តាមឯកទេសនីមួយៗ។ ដូច្នេះហើយ វាងាយប្រឈមនឹងការបាត់បង់ណាស់ ដ្បិត ចំណេះដឹង ជំនាញ បច្ចេកទេស ទេពកោសល្យនានា នឹងបាត់បង់ទៅជាមួយនឹងមរណភាពរបស់សិល្បករ និងអ្នកជំនាញចាស់ទុំទាំងនោះ បើមិនបានធ្វើការផ្ទេរទៅ អ្នកជំនាន់ក្រោយ និងមិនបានសិក្សាចងក្រងទុកជាឯកសារនោះទេ។ ពិតណាស់ ប្រាសាទបុរាណ អាច រក្សាគង់វង្សបានរាប់សតវត្សរ៍ ប៉ុន្តែ មនុស្ស គឺមិនអាចរស់នៅលើសពីមួយសតវត្សរ៍ឡើយ៕
អត្ថបទ រដ្ឋា


















-
ព័ត៌មាន1 week agoសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoគណៈប្រតិភូជាន់ខ្ពស់ GBC កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ពីម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន1 week agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
-
ព័ត៌មាន1 week agoយោធិនបង្កហិង្សាលើយុវតីម្នាក់ ត្រូវបានផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានី