ព័ត៌មាន
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក «គ្រោះថ្នាក់ចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ ដែលចាំបាច់យើងត្រូវបង្កើននូវការផ្សព្វផ្សាយ និងអប់រំ»
ភ្នំពេញ ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស បានកើតមានជារៀងរាល់ថ្ងៃ ដែលចាំបាច់យើងត្រូវបង្កើននូវការផ្សព្វផ្សាយ និងអប់រំ ចំពោះអ្នកបើកបរទាំងឡាយឱ្យមានការប្រុងប្រយ័ត្ន ដើម្បីការកាត់បន្ថយការគ្រោះថ្នាក់។
ការថ្លែងរបស់លោកជំទាវ មឹន មាណវី យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ។
លោកជំទាវ បានបន្តថា ទាក់ទិនទៅនឹងបញ្ហាចរាចរណ៍ផ្លូវគោកនេះ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន ក៏ជាកិច្ចការសំខាន់មួយផងដែរ។ ដូច្នេះហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ដែលមានលោកជំទាវជាប្រធានត្រូវបានបង្កើតឡើង ដែលក្រុមការងារនេះមានតួនាទី និងភារកិច្ចវិភាគលើវិធានការដែលមានស្រាប់ពាក់ព័ន្ធ នឹងតំបន់សុវត្ថិភាពនៅតាមសាលារៀន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា និងកំណត់អំពីចំណុចខ្វះខាត និងឱកាសសម្រាប់ធ្វើឱ្យប្រសើរឡើង។ សម្របសម្រួលការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាពក្នុងចំណោមសមាជិក សមាជិកា សម្របសម្រួលជាមួយស្ថាប័នរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអង្គការអន្តរជាតិ ដើម្បីអនុវត្តនូវវិធីសាស្ត្ររួមមួយ ចំពោះតំបន់សុវត្ថិភាពនៅតាមសាលារៀន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។ កសាងយុទ្ធសាស្ត្រ ផែនការសកម្មភាព និងអនុសាសន៍សម្រាប់វិធានការប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយទាក់ទងនឹងតំបន់សុវត្ថិភាពនៅតាមសាលារៀន និងការលើកកម្ពស់សុវត្ថិភាពជាដើម ដោយការបង្កើតក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀននេះ មានគោលបំណងកំណត់ដៃគូសំខាន់ៗដែលគួរអញ្ជើញឱ្យចូលរួមក្នុងក្រុមការងារបន្ថែមទៀត ដើម្បីចែករំលែក និងសម្របសម្រួលក្នុងចំណោមដៃគូពាក់ព័ន្ធតាមរយៈការពិនិត្យលើសកម្មភាពបច្ចុប្បន្ន និងផែនការសកម្មភាពនៃតំបន់សុវត្ថិភាពសាលារៀន កំណត់បញ្ហាប្រឈមរួម និងពិភាក្សាអំពីការគាំទ្ររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដៃគូអាចចូលរួមផ្តល់ជូនយុទ្ធសាស្ត្រអាទិភាព និងកំណត់ជំហានបន្ទាប់ទៀត។
លោកជំទាវ មឹន មាណវី នាពេលកន្លងទៅធ្លាប់បានលើកឡើងថា ការធ្វើដំណើរទៅមកសាលារៀនប្រកបដោយភាពងាយស្រួល គឺជាចំណុចគោលដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបាននូវការអប់រំ ហើយថាក្នុងសង្គមនីមួយៗរួមទាំងនៅក្នុងប្រទេសកម្ពុជាផង យុវជននៅតែប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ ការបាត់បង់នូវយុវជនវ័យក្មេង ឬសិស្ស-និស្សិតម្នាក់ មិនត្រឹមបង្កជាទុក្ខលំបាកក្នុងរង្វង់ក្រុមគ្រួសារ សាច់ញាតិប៉ុណ្ណោះទេ តែក៏បានបង្កជាបញ្ហាលំបាក និងការបាត់បង់ដល់សង្គមជាតិទាំងមូលទៀតផង៕
អត្ថបទ រដ្ឋា
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព