ព័ត៌មាន
សម្តេចបវរធិបតី៖ ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននឹងត្រូវបានជំរុញ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។
នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Tanaka Akihiko បានកត់សម្គាល់ការរីកចម្រើនយ៉ាងច្រើនរបស់កម្ពុជា ព្រោះឯកឧត្តមបណ្ឌិតធ្លាប់បានបំពេញទស្សនកិច្ចការងារនៅកម្ពុជា កាលពី១០ឆ្នាំមុន ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។ ឯកឧត្តមបណ្ឌិតបានថ្លែងបន្ថែមអំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី៣) ដោយគម្រោងទាំងនេះនឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃនេះ។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ សម្តេចបវរធិបតីបានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA ដែលបានរួមចំណែកគាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ សម្តេចបវរធិបតីបានចែករំលែកអំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា រួមទាំងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម និងជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ (regional logistic hub)។
សម្តេចបវរធិបតី និងឯកឧត្តមប្រធាន JICA ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា និងឌីជីថលូបនីយកម្ម ក៏ដូចជាការបន្តលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតីបានលើកទឹកចិត្តទីភ្នាក់ងារ JICA បន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជំរុញឱ្យគម្រោងទាំងនោះទទួលបានជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតបានអរគុណកម្ពុជា ដែលជាប្រទេសទី១ ក្នុងការទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (JOCV)។ សម្តេចបវរធិបតីក៏បានសម្តែងការអបអរសាទរខួប៦០ ឆ្នាំ នៃអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងក្របខណ្ឌJOCV នៅកម្ពុជានាឆ្នាំនេះ៕



-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ