ព័ត៌មាន
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានឹងរាយការណ៍ទៅរដ្ឋាភិបាលខ្លួន ដើម្បីបន្តគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជាឡើងវិញ
ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នឹងរាយការណ៍ទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីពិចារណាឆ្លើយតបមកអាជ្ញាធរមីនកម្ពុជា ដែលចង់ឃើញប្រទេសបារាំងចូលរួមគាំទ្រសម្រាប់សកម្មភាពបោស សម្អាតមីនមនុស្សធម៌នៅកម្ពុជាឡើងវិញ។
ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានបញ្ជាក់បែបនេះ ក្នុងខណះអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង ជាអនុ ប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ នេះ ។
នៅក្នុងជំនួបនេះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាង នាមឱ្យរាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះទំនា ក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពជិតស្និទ្ធកិច្ចសហ ប្រតិបត្តិការល្អ និងដៃគូយូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-បារាំង ព្រមទាំងថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំងដែលបានចូលរួមដល់ដំណើរការស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ។ ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ឯកឧត្តម លី ធុជ បានលើកឡើងថា បារាំង ធ្លាប់បានផ្តល់នូវការបណ្តុះបណ្តាលដល់នាយទាហានកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្នុងអំឡុង ពេលសម័យ UNTAC។ ហើយចាប់ពីឆ្នាំ ២០០៩ បារាំង បានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារៈដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហ ប្រជាជាតិ។ ជាមួយគ្នានោះផងដែរ តាងនាមឱ្យរាជ រដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលធ្លាប់បានចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌ កន្លងទៅនេះ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី២ ជាពិសេសគាំទ្រដល់ការបោសសម្អាតមីននៅតាមទីតាំងបុរាណវត្ថុក្នុងខេត្តសៀមរាបដើម្បីគាំទ្រដល់អាជ្ញាធរជាតិអប្សរា ។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចង់ឃើញប្រទេសបារាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ដើម្បីគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានគាំទ្រដល់ភាពជាប្រធាន និងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី១១ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឆ្នាំ ២០១១ និង អរគុណដែលបារាំងឈរជាមួយកម្ពុជាក្នុងនាមជាប្រធាន និង ម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន ជាពិសេសចង់ប្រែ ក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព។
នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានកោត សរសើរចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនអស់រយៈពេលជាង ៣ ទសវត្សរ៍ ។ ជាការឆ្លើយតបនឹងសំណើសម្រាប់ការចូល រួមដល់សកម្មភាពមីនមនុស្សធម៌ឡើងវិញ ឯកឧត្តមឯក អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងរាយការណ៍ទៅកាន់រដ្ឋា ភិបាលបារាំងដើម្បីពិចារណា ។ជាមួយគ្នានោះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តម Olivier RICHARD គាំទ្រឱ្យមានសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ និងបន្តដោះ ស្រាយជម្លោះដោយសន្តិវិធី៕ អត្ថបទ៖ ភារម្យ






-
ព័ត៌មាន1 week agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ
-
ព័ត៌មាន6 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន4 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន5 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន4 days agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន4 days agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់ GBC កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ពីម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន5 days agoយោធិនបង្កហិង្សាលើយុវតីម្នាក់ ត្រូវបានផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានី