ព័ត៌មាន
អន្តរគណៈកម្មការ នៃរដ្ឋសភា ប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន២ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ ជាមួយតំណាងរដ្ឋាភិបាល
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញប្រជុំ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន២ជាមួយតំណាងរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការជំនាញនានារបស់រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា អាជ្ញាធរសវនកម្មជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ក្រុមប្រឹក្សាអ្នកច្បាប់របស់រដ្ឋសភា និងមន្រ្តីជំនួយការគណៈកម្មការមួយចំនួនទៀត។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីពិនិត្យលើរបៀបវារៈចំនួន២ រួមមាន៖
១-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និង២-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលគណៈកម្មការទី២ នៃរដ្ឋសភា បានប្រជុំរួចរាល់ហើយ និងថ្មីៗនេះ រដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួចរាល់ហើយដែរ ដែលនៅថ្ងៃនេះគណៈកម្មការជំនាញនានារបស់រដ្ឋសភាចង់បានការបំភ្លីបន្ថែមទៀតនូវចម្ងល់មួយចំនួនដើម្បីឱ្យកាន់តែយល់ច្បាស់លើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុងទាំងកាលវសាន ទាំងខ្លឹមសារតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/០២២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកាដែលត្រូវបានកត់ត្រាទុកដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ នៃទិន្នន័យទាំងនេះជាមួយអាណាប័កពាក់ព័ន្ធទាំងថវិកាជាតិ និងថវិការថ្នាក់ក្រោមជាតិ។
ឯកឧត្តម បានបន្តថា ចំណែកសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតរាថយក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសុខសន្តិភាព និងប្រជាជនក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យលើមាគ៌ាបន្តឈានទៅសម្រេចថាន:ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣ រួមមាន៖ ១)- និន្នាការថមថយនៃចំណូល ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេស កិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវាបំណុលជាដើម និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់ អាចស្តារឡើងវិញបាននៅឡើយ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំ ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។
ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានថ្លែងអំណរគុណជូនតំណាងរដ្ឋាភិបាល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការតាក់តែងនូវសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ និងបានអញ្ជើញមកពន្យល់បកស្រាយយ៉ាងក្បោះក្បាយនូវខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ ក៏ដូចជាបកស្រាយរាល់ចម្ងល់របស់គណកម្មការ រហូតទទួលបានការឯកភាពយល់ព្រមទាំងស្រុង ពីអន្តរគណ:កម្មការ នៃរដ្ឋសភា។ ឯកឧត្តម ឈាង វុន បញ្ជាក់ថា ឯកឧត្តម នឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាដើម្បីសម្រេចដាក់បញ្ចូលសេចក្ដីព្រាងច្បាប់ទាំងពីរនៅក្នុងរបៀបវារ:នៃសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕







-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS10 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!