Connect with us

ព័ត៌មាន

ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» បំផុសឲ្យពលរដ្ឋ​ចេះសម្អាតបរិស្ថានជុំវិញកន្លែងរស់នៅដើម្បីសុខភាពល្អ

កំពង់ឆ្នាំង៖ ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង និង​អាជ្ញា​ស្រុក​រលាប្អៀរនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារ​ស្អាត​ បរិស្ថានល្អ» ដើម្បីអោយសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីការថែរក្សាអនាម័យ និង​បរិស្ថាន​ល្អ​នៅតាមសហគមន៍ និងតាមដងផ្លូវគ្មានសំរាម ឬថង់ផ្លាស្ទីក ដែលទិវានេះ​បាន​ធ្វើ​ឡើង​នៅក្នុ​ង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតក្នុងស្រុករលាប្អៀរ ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានថ្លែងថា៖ នេះជាយុទ្ធ​នាការ​បំផុស​អោយ​សិស្សា​នុសិស្ស ​ប្រជាពលរដ្ឋនៅគ្រប់សាលារៀន គ្រប់មូលដ្ឋាន ចេញរើសសំរាម សម្អាតបរិវេណផ្ទះ សាលា​រៀន វត្តអារាម និងតាមទីសាធារណៈ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ ក្រោយ​ពីបានចូលរួមជាមួយយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នេះ បាន​ធ្វើ​អោយពួ​កគាត់ជាសិស្សទាំងអស់ យល់ដឹងកាន់តែ​ច្រើន​ទាក់​ទង​នឹង​ការ​អនាម័យ​បរិស្ថាន​ជុំវិញ​កន្លែង​រស់​នៅ និងសាលារៀន។ អនាម័យបរិស្ថាន ចាំបាច់ណាស់សំរាប់សុខភាពមនុស្សគ្រប់រូប ។ បើ​មានបរិស្ថានស្អាត អនាម័យល្អ ហូបស្អាត ផឹកស្អាត នោះមនុស្សទូទៅនឹងមានសុខភាពល្អ ជា​ពិសេស​ចំពោះសិស្សានុសិស្សទាំងអស់ ពេលមានសុខភាពល្អ អាចមានពេល​រៀន​សូត្រ​បាន​ពេញ​លេញ និងពូកែទៀតផង។

លោក មៀន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ យុទ្ធនាការ ការ «ទម្លាប់​ស្អាត គ្រួសារស្អាត បរិស្ថានល្អ» ជាយុទ្ធនាការ​បង្ហាញ​ច្បាស់​ពី​ការ​តាំង​ចិត្ត​ចូល​រួម​ពី​សិស្សានុសិស្ស​​ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ក្នុងការសម្អាត​បរិស្ថាន​ជុំវិញកន្លែង​រស់នៅ តាមសហគមន៍ សាលារៀន បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការ​ប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួល​បាន​ជោគ​ជ័យរួចហើយ។ ជោគជ័យដែលទទួលបាននោះ គឺយុទ្ធនាការបន្តថ្មីមួយទៀតនេះ បាន​ដើរ​ទន្ទឹម​គ្នាជាមួយ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ២០២៣ ហើយរហូតដល់ពេលនេះ មានការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស ​និងប្រជាជនចំនួនជាលាននាក់នៅទូទាំងប្រទេសកម្ពុជា។

ការសម្អាត​អនាម័យបរិស្ថាននៅតាមមូលដ្ឋាន ការប្រមូលទុកដាក់សំរាមទុកដាក់ រួមទាំងការកាត់​បន្ថយ​សំណល់ប្លាស្ទីក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោម​យុវជន​ជំនាន់​ក្រោយ ​ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ បាន​ល្អ​ប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែង​ក្នុង​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថា​ន​៕ កាំង ហុងវាស្នា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia