Connect with us

ព័ត៌មាន

ថ្ងៃនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ស្ថានការណ៍​នៅច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា, និងរដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្របសម្រួលដំណើរទស្សនកិច្ច ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ អំពីស្ថានការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

បើតាមការផ្សាយរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែមេសានេះ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះឯកឧត្តម និងក្រុមការងាររបស់ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា ចំនួន ១៣ប្រទេស ដើម្បើចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។

ឯកឧត្តមបានថ្លែងថា៖«យើងចង់ឱ្យពិភពលោកឃើញថា កម្ពុជាពិតជាជ្រើសរើសការចរចាតាមផ្លូវច្បាប់លើទំនាក់ទំនងយន្តការការទូត ជាជាងការប្រើប្រាស់កងកម្លាំងយោធាក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ»។

បើតាមឯកឧត្តមអភិបាលខេត្ត ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំប្រទេសកម្ពុជា ជួយធ្វើជាសាក្សី និងរកយន្តការជំរុញឱ្យប្រទេសទាំងពីរប្រើយន្តការទ្វេភាគី ដោយឈរលើទិដ្ឋភាពបច្ចេសទេសច្បាប់ជាតិនិងអន្តរជាតិ ដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ។

ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង ១៣ ប្រទេស ក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួន អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា។ វាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែង បញ្ចៀសឱ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia