ព័ត៌មាន
ជប៉ុនប្រកាសបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង រវាងកម្ពុជា-ថៃ ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា វរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាទីប្រឹក្សា និងអនុព័ន្ធយោធា និងលោកស្រី អូនីស៊ី អាយ ប្រធានផ្នែកកិច្ចការនយោបាយ បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា និងបានចុះពិនិត្យទីតាំងនៅតាមបណ្តោយព្រំដែនស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ។
ស្ថានទូតជប៉ុនបានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។
ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន៕




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល