ព័ត៌មាន
កម្ពុជា-ចិន បើកមហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅប្រាសាទបាយ័ន
ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន និងរដ្ឋបាលខេត្ដសៀមរាប បានរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ដើម្បីអបអរសាទរខួបលើកទី៦៨ឆ្នាំនៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងដើម្បីផ្សព្វផ្សាយពីផ្សព្វផ្សាយទេសចរណ៍វប្បធម៌ កម្ពុជា-ចិន ដែលបានធ្វើឡើងប្រាសាទបាយ័ន ក្រុងអង្គរធំ នាថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦នេះ។
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ការបង្ហាញវប្បធម៌ចម្រុះនេះគឺជាព្រឹត្តិការណ៍បដិការមួយ ដោយកាលពី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមកីឡាគុនល្បុក្កតោ ទៅសម្តែងរួមគ្នាជាមួយព្រះសង្ឃសៅលីង នៅមុខអារាមសៅលីងដ៏ ល្បីល្បាញក្នុងក្រុងតឹងហ្នឹង ខេត្តហឺណាន ប្រទេសចិន ហើយក្រសួងបាននិមន្តព្រះសង្ឃសៅលីង ជាមួយថាយជី និងកុងហ្វូ មកជួប ជាមួយគុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ នៅកម្ពុជាវិញម្តង ឬហៅម្យ៉ាងទៀតថា «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ»។ឯកឧត្ដមបន្ដថា ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីដ៏ពិសេសមួយ ដើម្បីអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» បន្ទាប់ពីបានប្រារព្ធពិធីបើកជាផ្លូវការ កាលពីថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញយ៉ាងអធិកអធម ។ជាមួយគ្នានេះ ការប្រារព្ធព្រឹត្តិការណ៍ «មហោស្រពក្បាច់ គុនចម្រុះ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌ចម្រុះ កម្ពុជា-ចិន នាពេលនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន និងបានប្រព្រឹត្តទៅក្នុង បរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹង ពង្រីក ពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ បានក្លាយជាសសរ ស្តម្ភដ៏រឹងមាំមួយ ដែលគាំទ្រដល់មិត្តភាពដែកថែប ជាពិសេសក្រោម គំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ព្រឹត្តិការណ៍ នេះ ក៏ជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជានិងចិន ដែលត្រូវបានគេហៅថា “មិត្តភាពដែកថែប”។លោកបន្ដថា ទំនាក់ទំនងនេះ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន នយោបាយ សេដ្ឋកិច្ច វប្បធម៌ ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេស វិស័យទេសចរណ៍ ដែលជាកម្លាំងជំរុញសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។ក្នុងបរិបទសកលថ្មី ក្រោយវិបត្តិជាច្រើន កម្ពុជាបានបន្តខិតខំធ្វើបច្ចុប្បន្នភាពវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនោះ ទីផ្សារទេសចរចិន ត្រូវបានចាត់ទុកជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់ ដែលមានឥទ្ធិពលខ្ពស់ក្នុងការជំរុញកំណើនទេសចរណ៍កម្ពុជា។
ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការមជ្ឍមណ្ឌលវប្បធម៌ វត្ដសៅលីងប្រចាំកម្ពុជា មានសង្ឃដីកាថា ក្បាច់គុណបុរាណទឹសបូព៌ាទាំងពីរប្រភេទនេះ បានកោតសរសើរគ្នាទៅវិញទៅមកតាមរយៈការប្រកួតប្រជែង និងរីកចម្រើនជាមួយគ្នា ត្បិតតែរចនាបទខុសគ្នាក៏ដោយ ប៉ុន្តែសុទ្ធតែផ្ទុកទស្សនៈវិជ្ជានៃបញ្ចប់សង្គ្រាម ប្រកាន់យកក្បាច់គុន និង ស្វែងរកការសម្រេចបាននូវកាយ និងចិត្តបញ្ចូលគ្នាតែមួយ ដែលនេះជាចំណុចមួយនៃអរិយធម៌បូព៌ា ។ព្រះអង្គបន្ដថា ព្រះសង្ឃសៅលីង និងក្រុមក្បាច់គុនខ្មែរសម្ដែងរួមគ្នានៅមុខប្រាសាទអង្គរ មិនត្រឹមតែជាពិធីបុណ្យដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសន្ទនាដួងចិត្តទៀតផង ។វប្បធម៌កាន់តែសម្បូរបែប ដោយសារការផ្លាស់ប្ដូរ ហើយអរិយធម៌កាន់តែមានភាពសម្បូរបែប ដោយសារការរៀនសូត្រពីគ្នាទៅវិញទៅមក។ក្នុងនាមជាអ្នកនាំសារនៃការផ្លាស់ប្ដូរវប្បធម៌ ព្រះអង្គសូមយកក្បាច់គុនធ្វើជាស្ពាន ដើម្បីយល់ដឹងពីប្រវត្តិសាស្ត្រ តាមរយៈព្រះអាទិត្យរះនៅអង្គរវត្ត។ព្រះអង្គ ទទួលបានភាពស្វាហាប់ តាមរយៈក្បាច់គុនខ្មែរនិងទទួលបានអារម្មណ៍ដល់ការបញ្ចូលគ្នានៃសមាធិនិងក្បាច់គុនតាមរយៈក្បាច់គុណសៅលីង៕


















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល