ព័ត៌មាន
សម្ដេចតេជោ និង អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាពីបញ្ហាប្រឈមសកលបច្ចុប្បន្ន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុ និង លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាអំពីបញ្ហាប្រឈមសំខាន់របស់សាកលលោកបច្ចុប្បន្ន។ ការពិភាក្សានេះ ធ្វើឡើង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះនេះ ក្នុងឱកាស ជាសម្តេចតេជោ បានអនុញ្ញាតឱ្យ លោកជំទាវ ជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម។
ឯកឧត្តមជា ធី រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងសហការីនៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកជំទាវអ្នកសម្របសម្រួល
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងញ៉ាំងនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិឱ្យកាន់តែរីកចម្រើនរឹងមាំបន្តទៀត។ សម្ដេចតេជោក៏អរគុណចំពោះអង្គការសហប្រជាជាតិដែលបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។
នាឱកាសនោះ លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ លោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកជំទាវបានលើកឡើងថា កម្ពុជា និងអង្គការសហប្រជាជាតិមានទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំជាមួយគ្នានៅពេលកន្លងមក។ លោកជំទាវ បានបញ្ជាក់នូវចំពោះមុខ សម្ដេចតេជោ ថា អង្គការសហប្រជាជាតិគឺរង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
នៅក្នុងនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ហើយសម្ដេចក៏បានពិភាក្សាជាមួយជាមួយលោកជំទាវ ដោយផ្ដោតទៅលើបញ្ហាពាក់ព័ន្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព
ក្នុងឆ្នាំ២០៣០ ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ហើយទាំងសម្ដេចតេជោ និងលោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈបមួយចំនួនដែលប្រទេសនានានៅលើពិភពលោក ដែលជាសមាជិករបស់អង្គការសហប្រជាជាតិកំពុងជួបប្រទះ។ សម្រាប់ សម្ដេចតេជោ គឺដាក់ជាសំណួរថា តើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០៣០នេះ នឹងសម្រេចបានដូចនូវការគ្រោងទុកឬក៏យ៉ាងណា? ។ ភាគីទាំងពីរបានផ្លាស់ប្ដូរនូវយោបល់គ្នាជុំវិញរឿងនេះ បន្ថែមពីលើនេះ សម្ដេចតេជោ និងលោកជំទាវ ក៏បានពិភាក្សាទៅលើបញ្ហាប្រឈមនាពីបច្ចុប្បន្ន ជាពិសេសគឺបញ្ហាសន្តិសុខថាមពលដែលកំពុងកើតមានឡើង ជាពិសេសពាក់ព័ន្ធទៅនឹងប្រេងឡើងថ្លៃដែលជាកង្វល់មួយសម្រាប់សមាជិករបស់អង្គការសហប្រជាជាតិ ហើយក្នុងនោះក៏មានកម្ពុជាយើងមួយដែរ។
បន្ថែមពីលើនេះសម្ដេចតេជោក៏បានលើកឡើងជាមួយនឹងលោកជំទាវ អំពីការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សានូវសន្តិភាពរបស់ពិភពលោក តាមរយៈការបញ្ជូននូវកងទ័ពមួកខៀវរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសមួយចំនួនក្រោមឆត្រអង្គការសហប្រជាជាតិក្នុងការចូលរួមចំណែកនូវការការពារសន្តិភាពរបស់ពិភពលោកដែលមានប្រមាណ ១ម៉ឺននាក់កន្លងមកនេះដែលជាការរួមចំណែកមួយដ៏ធំ។ លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្ដែងនូវការអរគុណយ៉ាងខ្លាំង និងសរសើរចំពោះកម្ពុជាដែលបានបញ្ជូនកងទ័ពរបស់ខ្លួនក្នុងបុព្វហេតុនៃការការពារនូវសន្តិភាពរបស់ពិភពលោក ដែលជាចំណុចមួយដែលកម្ពុជាបានធ្វើនៅពេលកន្លងមក។ បន្ថែមពីលើនេះសម្ដេចតេជោ និងលោកជំទាវ ក៏បានពិភាក្សាទៅលើបញ្ហានៃការបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាកង្វល់រួមរបស់ពិភពលោកទាំងមូល ដែលតម្រូវឱ្យអង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាសមាជិកនឹងរួមគ្នាគិតគូរអំពីបញ្ហានៃការបម្រែបម្រួលអាកាសធាតុនេះ។
ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងសហការីទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជា៕










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល