Connect with us

ព័ត៌មាន

អង្គការ ILO៖ ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅកម្ពុជាមានភាពរីកចម្រើន

ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះបើតាមការដឹងពីមន្រ្តីជំនាញនៃអង្គការអន្តរជាតិខាងការងារនៅកម្ពុជា ហៅកាត់ថា ILO។

នៅក្នុងពិធីអបអរទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមណ្ឌលសន្និ បាត និងពិព័រណ៍កោះពេជ្រ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO) បានប្រាប់BTVថា យោងតាមស្ថិតិពីវិទ្យាស្ថានជាតិស្ថិតិ បច្ចុប្បន្ន កម្លាំងពលកម្មមានដល់១០លាននាក់ ដែលជាកម្លាំងស្នូលមួយដ៏សំខាន់ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជួយឱ្យប្រជាជនចាកផុតពីភាពក្រីក្រ ដោយសារពួកគេមានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។

លោកបានបន្តទៀតថា បច្ចុប្បន្ន ការគោរពសិទ្ធិកម្មករ និយោជិត បានជ្រួតជ្រាបច្រើននៅក្នុងកន្លែងធ្វើការ រីឯកម្មកជំនាញវិញ ក៏មានការកើនឡើងជាងបណ្តាឆ្នាំមុនៗដែរ ដែលកាលពីមុនធ្វើតែកសិកម្ម និងកាត់ដេរ ប៉ុន្តែឥឡូវកម្មករជំនាញមានទាំងអេឡិចត្រូនិក រថយន្ត និងជំនាញថ្មីៗទៀត។

គួររម្លឹកដែរថា ទិវាកម្មករអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ដើម្បីរំលឹកដល់ការតស៊ូ និងការលះបង់របស់កម្មករ កម្មការិនី ក្នុងការស្វែងរកសិទ្ធិការងារ និងលក្ខខណ្ឌការងារសមរម្យ។ សម្រាប់ប្រទេសកម្ពុជា បានចាប់ផ្តើមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ នៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៤០ នៃទិវាកម្មករអន្តរជាតិ (១ ឧសភា ១៨៨៦ – ១ ឧសភា ២០២៦) ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីពី «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»៕

អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia