ព័ត៌មាន
ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពីអនុស្សរណៈឆ្នាំ២០០១ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងគ្នាទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាងពីរទសវត្សរ៍កន្លងមក
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ គឺជាការបោះបង់ចោល កិច្ចព្រមព្រៀងគ្នាទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាងពីរទសវត្សរ៍មកនេះ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ស្តីពីគោលជំហររបស់កម្ពុជាក្នុងករណីភាគីថៃសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ ឯកឧត្តម គង់ ភោគ បានថ្លែងថា កម្ពុជាមានការសោកស្ដាយដែលភាគីថៃ កំពុងពិចារណាដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់កម្ពុជា គឺតែងតែផ្ដល់អាទិភាពទៅដល់យន្តការទ្វេភាគីដែលស្របទៅនឹងអនុស្សរណៈនៃការយោគយល់គ្នា២០០១នេះ។
ឯកឧត្តមបានថ្លែងថា៖«ជាង ២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នាមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយ តំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃនេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុឆន្ទៈទៅវិញទៅមករវាងកម្ពុជា និងថៃ»។
ឯកឧត្តម គង់ ភោគ បានបញ្ជាក់ថា ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាការបោះបង់ចោល កិច្ចព្រមព្រៀងគ្នាទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាងពីរទសវត្សរ៍មកនេះ។
ឯកឧត្តមបានលើកឡើងថា ក្នុងករណីភាគីថៃដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ នេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្ដិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីផឹកផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ដែលបង្កើតឡើងនូវក្រោមអនុសញ្ញាមួយនេះ។
ឯកឧត្តមបញ្ជាក់ថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយជម្លោះដោយសន្ដិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញសេចក្ដីសង្ឃឹមដ៏ស្មោះត្រង់របស់យើងដែលប្រទេសយើងអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ យូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឱ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្ដិភាព ស្ថិរភាព និងសេចក្ដីសុខ។
សូមជម្រាបថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានគូសបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែរថា កម្ពុជានឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត បើថៃសម្រេចដកខ្លួនពី MOU 2001 ដែលអនុស្សរណៈនេះ គឺពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាក្នុងខ្ពង់រាបដែនសមុទ្រដែលតភ្ជាប់គ្នារវាងកម្ពុជា និងថៃ ហើយប្ររទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នានៅឆ្នាំ២០០១។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានលើកឡើងថា ការណ៍ដែលថៃសម្រេចបោះបង់ចោល MOU2001 គឺស្មើនឹងថៃបោះបង់ចោលយន្តការទ្វេភាគីពាក់ព័ន្ធនឹងតំបន់សមុទ្រត្រួតស៊ីគ្នាដែលមានស្រាប់រវាងប្រទេសទាំងពីរ អស់រយៈពេលប្រមាណ២៥ឆ្នាំមកនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ក្នុងករណីអស់ពីយន្តការ ឬក៏ហៅក្នុងក្របខ័ណ្ឌទ្វេភាគីនេះ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងស្វះស្វែងរកនូវច្រកទាំងឡាយណា ដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់៕

-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
-
ព័ត៌មាន4 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoបង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់