Connect with us

ព័ត៌មាន

ក្រសួងអភិវឌ្ឍន៍ជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធ ជួយសម្រួលជីវភាពពលរដ្ឋ​នៅគម្រោងដី​សម្បទាន​សង្គមកិច្ច​ក្នុងភូមិសាស្ត្រាស្រុកចន្ទ្រា ខេត្តស្វាយរៀង

ស្វាយរៀង៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិសាស្ត្រានៃស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ។

សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ គឺជាផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤ ៥០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ជាមួយនឹងការដាក់នូវប្រព័ន្ធលូ ហើយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងគម្រោងនេះ មានទាំងគ្រួសារកងទ័ព គ្រួសារនៅនគរបាលការពារព្រំដែន អតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ។

ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃ លើគម្រោងការស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការសម្រេចទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ប្រជាពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាន នូវការកសាងផ្លូវគមនាគមន៍ ឲ្យមានភាពល្អ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ ។

ឯកឧត្តមបានបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន គឺកំពុងប្រឹងប្រែងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកិច្ចការងារអភិវឌ្ឍន៍ និងថែទាំផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់យ៉ាងខ្លំាង និងតែងតែចុះពិនិត្យនៅតាមបណ្តាខេត្តនានា លើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទ ឱ្យកាន់តែមានភាពរីកចម្រើន ។

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគន្លឹះដ៏សំខាន់ គាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដូច្នេះហើយ បានជារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍនៅតាមជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួង ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ នូវការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត ហើយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង ហើយក៏ជំរុញទៅកាន់ក្រុមហ៊ុនទទួលបានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ត្រូវថែទាំជាប្រចាំ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia