Connect with us

ព័ត៌មាន

ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង ដើម្បីរៀបចំបែងចែកដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅឃុំឆ្នាល់មាន់ និងឃុំដូនបារ ស្រុកគាស់ក្រឡ។

ឯកឧត្តម គន់ គីម មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងបេសកកម្មរបស់អតីតយុទ្ធជន គឺការសាងសង់ផ្ទះ និងផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងការលើកស្ទួយជីវភាពសមាជិកទីទ័លខ្វះខាត។

ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា បន្ទាប់ពីអតីតយុទ្ធជន និងនិវត្តជនទទួលបានផ្ទះក្នុងភូមិអភិវឌ្ឍន៍ទាំងឃុំឆ្នាល់មាន់ និងឃុំដូនបារ ក្នុងស្រុកគាស់ក្រឡ, គណៈកម្មាធិការកណ្តាល អ.ន.ក. និងគណៈកម្មាធិការ អ.ន.ក.ខេត្តបាត់ដំបង រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធបានសិក្សា និងកំណត់ទីតាំងដីសម្បទានសង្គមកិច្ចរួចរាល់ ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១ហិកតា។

ឯកឧត្តម គន់ គីម បន្តថា ការណ៍ដែលរៀបចំផ្តល់ដីសម្បទានសង្គមកិច្ចក្នុងទីតាំងភូមិអភិវឌ្ឍន៍ទាំង២ជូនអតីតយុទ្ធជន និងនិវត្តជនខាងលើ ដោយសារសមិទ្ធផលគាំទ្របានស្ថាបនារួចរាល់ស្ថាពរ ដូចជា ការស្ថាបនាស្រះទឹក និងប្រឡាយទឹកជាដើម ដើម្បីជាប្រភបសម្រាប់ការស្រោចស្រពដំណាំ។

ឯកឧត្តម បន្ថែមថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដាក់ចេញជាផែនការចំពោះការធ្វើកសិកម្មដាំដុះដំណាំលើដីឡូត៍ និងដីកសិកម្ម គឺជាផែនការសកម្មភាពគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋានជូនអតីតយុទ្ធជន និងនិវត្តជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍឆ្នាំ២០២៣-២០២៨ ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia