ព័ត៌មាន
កម្ពុជា-ស្វ៊ីស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET និងការអភិវឌ្ឍជំនាញកម្លាំងពលកម្មស្របតាមទីផ្សារការងារ
(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហ្សេរ៉ូម កូសង់ដេ (Jérôme Cosandey) អនុប្រធានរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃប្រទេសស្វ៊ីស នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ ក្នុងប្រទេសស្វ៊ីស ដើម្បីបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការរបស់ឧស្សាហកម្ម ក៏ដូចជាភាពជាដៃគូប្រកបដោយសក្តានុពល ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
នាឱកាសពិភាក្សាដ៏មានសារៈសំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសស្វ៊ីស តាមរយៈទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មកម្លាំងពលកម្មទៅក្នុងទីផ្សារការងារ ព្រមទាំងការគាំទ្ររយៈពេលវែងដល់ការពង្រឹងស្ថាប័ន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពី “កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY)” ដែលជាគំនិតផ្តួចផ្តើមដ៏ចាំបាច់មួយ កំពុងជួយបង្កើនលទ្ធភាពទទួលបានការងារដល់យុវជន ពង្រឹងការផ្សារភ្ជាប់រវាងការបណ្តុះបណ្តាល TVET និងវិស័យឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ឱកាសការងារប្រកបដោយបរិយាបន្ន។ លើសពីនេះ ឯកឧត្តមក៏បានទទួលស្គាល់នូវឧត្តមានុវត្តន៍របស់ប្រទេសស្វ៊ីសលើឆាកអន្តរជាតិក្នុងវិស័យ TVET ជាពិសេសប្រព័ន្ធគំរូនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមបញ្ចូលការសិក្សាក្នុងថ្នាក់រៀនជាមួយបទពិសោធការងារជាក់ស្តែងនៅកន្លែងការងារ។ ឯកឧត្តម ហេង សួរ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ចំពោះការសិក្សារៀនសូត្រ និងបទពិសោធល្អៗរបស់ប្រទេសស្វ៊ីស លើប្រព័ន្ធកម្មសិក្សា ការចូលរួមពីវិស័យឧស្សាហកម្ម ការបញ្ជាក់វិញ្ញាបនបត្រជំនាញ និងការធានាគុណភាពជំនាញ ដែលឯកឧត្តមបានចាត់ទុកថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់របៀបវារៈកំណែទម្រង់នៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីដំណើរការកំណែទម្រង់កម្មវិធី TVET និងការផ្លាស់ប្តូរកម្លាំងពលកម្មរបស់កម្ពុជា ដែលផ្តោតលើការលើកកម្ពស់ជំនាញ ការអភិវឌ្ឍជំនាញឌីជីថល ការពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្ម និងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលតាមរយៈកម្មវិធី TVET ១,៥ លាន សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងធ្វើឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារការងារ ពង្រឹងភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម និងបង្កើនឱកាសការងារសម្រាប់អ្នកបញ្ចប់ការសិក្សា។
ជាការឆ្លើយតប ឯកឧត្តម ហ្សេរ៉ូម កូសង់ដេ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីលើការអភិវឌ្ឍជំនាញ និងការផ្សារភ្ជាប់ TVET ជាមួយទីផ្សារការងារ។ ភាគីស្វ៊ីសបានបង្ហាញឆន្ទៈបន្តពិភាក្សាពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធកម្មសិក្សា ការចូលរួមរបស់វិស័យឯកជន ការធានាគុណភាព និងការផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការអភិវឌ្ឍកម្មវិធី TVET និងការអភិវឌ្ឍជំនាញ ព្រមទាំងការកសាងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល ការធ្វើទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរចំណេះដឹងផងដែរ៕




-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា