Connect with us

ព័ត៌មាន

កូនក្តាមសេះជាង ៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង ៨សែនក្បាល» ចូលទៅក្នុងតំបន់សមុទ្រ នៃសហគមន៍​នេសាទចំនួន៥ នៅខេត្តកំពតមានដូចជា៖ សហគមន៍នេសាទ​ព្រែក​ត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងសហគមន៍នេសាទកែបថ្មី។

ពិធីលែងកូនក្តាមនោះ មានការចូលរួមពីលោកជំទាវ ងិន សូនាថ អនុ​រដ្ឋលេខាធិការ លោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោក យន់ ដារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម តំណាងមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តកំពត ខណ្ឌជលផលខេត្ត អាជ្ញាធរមូលដ្ឋាន​និង​បងប្អូនសហគមន៍នេសាទ។

នាឱកាសនោះ ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់ថា កូនក្តាម​សេះ​ចំនួនជាង៨សែនក្បាល ដែលបានលែងចូលក្នុងសមុទ្រនេះ គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មសមុទ្រ (MARDec) បានថែបំប៉នបន្ទាប់ពីភ្ញាស់ពីពងក្តាមធម្មជាតិ។ ការលែងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលនៅក្នុងធម្មជាតិ សំដៅរួមចំណែក​លើក​កម្ពស់ជីវភាពរស់នៅ បងប្អូនសហគមន៍នេសាទ ដែលរស់នៅអាស្រ័យ​ផល​ពីការនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យកាន់តែមាននិរន្តរភាព​សេដ្ឋកិច្ច​ក្នុងគ្រួសារ។

ជាចុងបញ្ចប់ ឯកឧត្តម ឃុន សាវឿន បានថ្លែងអំណរគុណ​ចំពោះ​អង្គការដៃគូ ដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហការ និងរួមគ្នា​ជាមួយ​អគ្គនាយកដ្ឋានជលផល ក្នុងការគាំទ្រយ៉ាងសកម្មសម្រាប់​សកម្មភាពអភិវឌ្ឍន៍ជលផលសមុទ្រ។ ឯកឧត្តមបានអំពាវនាវ ដល់​ប្រជានេសាទចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ជួយការពារ និង​ថែរក្សា​ធនធានជលផល តាមរយៈការប្រើប្រាស់ឧបករណ៍នេសាទ​តាមច្បាប់កំណត់ ទប់ស្កាត់ការនេសាទខុសច្បាប់ និងជួយការពារ​ជម្រក​របស់វារីសត្វ។ ក្នុងករណីនេសាទបានក្តាមពងក្រៅស្នូក សូមលែងចូលក្តាមនោះទៅក្នុងសមុទ្រវិញ ឬប្រគល់ជូនអាជ្ញាធរ សហគមន៍នេសាទដែលនៅជិតបំផុត។

សូមបញ្ជាក់ថា គម្រោងCamAdapt នេះត្រូវបាន​អនុវត្ត​ដោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាមួយនឹង​ការគាំទ្រ​បច្ចេកទេសពី អង្គការFAO និងថវិកាពីមូលនិធិបរិស្ថាន​សកល (GEF) Global Environment Facility (GEF) CamAdapt ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia