ព័ត៌មាន
វិទ្យាស្ថានចក្ខុវិស័យអាស៊ី៖ ការបើកប្រាក់បៀវត្សកងទ័ពតាមប្រព័ន្ធធនាគារ ជាការធានាតម្លាភាពថវិកាជាតិ
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា ការបើកប្រាក់បៀវត្សជូនកងទ័ព តាមប្រព័ន្ធធនាគារ គឺជាការធានាតម្លាភាព ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការប្រើបាស់ថវិកាជាតិ។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្រាប់ BTV នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ថា ការផ្លាស់ប្ដូរពីការបើកប្រាក់បៀវត្សជូនកងទ័ព ជាសាច់ប្រាក់ដោយផ្ទាល់ដៃ មកជាការបើក តាមប្រព័ន្ធធនាគារ គឺជាការធានាតម្លាភាព នៃការប្រើប្រាស់ថវិកាជាតិ។ លោកថា របត់ថ្មីរបស់រាជរដ្ឋាភិបាលពេលនេះ ថវិកាជាតិ នឹងត្រូវបានគ្រប់គ្រងដោយហ្មត់ចត់ គ្មានការកេញបន្លំបន្ថែមឈ្មោះខ្មោចលួចប្រាក់របស់រដ្ឋ ហើយប្រាក់បៀវត្សរបស់កងទ័ព នឹងដល់ដៃពួកគេគ្រប់ចំនួន និងទាន់ពេលវេលា។ លោកបណ្ឌិត មើលឃើញថា យន្តការទំនើប របស់រាជរដ្ឋាភិបាលពេលនេះ ក្រៅពីការបោះជំហានទៅមុខ តាមផែនការគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក៏ជាការចាប់យកទំនុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋ និងកងទ័ពផងដែរ។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ៖«ការបន្ថែមក្នុងការជំរុញការបើក [ប្រាក់បៀវត្ស] ដល់កងទ័ពនេះ គឺដើម្បីធានាភាពរហ័ស ការជឿទុកចិត្ត ហើយនិងប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុ ដែលជាកិច្ចការងារមួយធ្វើនៅក្នុងឆ្នាំ២០២៦នេះ និងតទៅមុខទៀត ធ្វើយ៉ាងណាឱ្យការគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងប្រាក់បៀវត្សដល់មន្រ្ដីរាជការ ដល់ទាហានគឺមានការជឿទុកចិត្ត។ ការជឿទុកចិត្តត្រង់ថា ការប្រើប្រព័ន្ធឌីជីថល ប្រព័ន្ធធនាគារទាំងអស់នេះ គឺវាអត់មានបាត់។ ហើយមានការគ្រប់គ្រងច្បាស់លាស់ ទាំងទិន្នន័យទាំងអីទាំងអស់។ ដូច្នេះយើងអាចនិយាយបានថា ធ្វើឱ្យទំនុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុជាតិ ថវិកាជាតិ បានល្អប្រសើរ និងបង្កើនទំនុកចិត្តអ្នកដែលទទួលហ្នឹងគឺទាហានតែម្ដង»។
ទន្ទឹមនិងការបោះជំហានទៅមុខលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី សំណូមពរដល់រាជរដ្ឋាភិបាល សហការជាមួយវិស័យឯកជន ពង្រឹងឱ្យខ្លាំងលើសន្ដិសុខព័ត៌មានវិទ្យា ខណៈប្រព័ន្ធបច្ចេកវិទ្យាកំពុងមានភាពលឿនខ្លាំង និងប្រឈមការវាយប្រហារគ្រប់ពេល ពីក្រុមចោរបច្ចេកវិទ្យា។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្ដូរ ការបើកប្រាក់បៀវត្សជូនយោធិន ពីការបើកសាច់ប្រាក់ផ្ទាល់ ទៅជាការបើកតាមប្រព័ន្ធធនាគារវិញ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព សុវត្ថិភាពក្នុងការគ្រប់គ្រងប្រាក់បៀវត្ស និងជំរុញការធ្វើបរិវត្តកម្មឌីជីថល ក្នុងជួរកងទ័ព។ យោងតាមសេចក្ដីណែនាំ ស្ដីពី ការបើកគណនេយ្យធនាគារជូនយោធិន ក្នុងកងយោធពលខេមរភូមិន្ទ របស់ក្រសួងការពារជាតិ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានប្រាប់ឱ្យគ្រប់ស្ថាប័នចំណុះក្រសួងការពារជាតិ និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធនពលខេមរភូមិន្ទ ត្រូវចាប់ផ្ដើមដំណើរការរៀបចំបើកគណនីធនាគារ ជូនយោធិនក្នុងសាមីអង្គភាពខ្លួន ពីថ្ងៃជូនដំណឹងតទៅ និងត្រូវបញ្ចប់ឱ្យបានទាំងស្រុងជាស្ថាពរ នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧៕អត្ថបទ៖ លៀ ស៊ីណា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣