Connect with us

ព័ត៌មាន

រយៈពេល១ឆ្នាំ៖ សមត្ថកិច្ចបញ្ជូនសំណុំរឿង Online Scams ជិត ៤០០ករណីទៅតុលាការ និងជនសង្ស័យជាង៤ពាន់នាក់

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនជិត ៤០០ករណីទៅតុលាការ និងជនសង្ស័យជាង ៤ពាន់នាក់ រួមមានមេខ្លោងនិងគូកនចំនួន ២៧ សញ្ជាតិ ត្រូវបានចោទប្រកាន់តាមនីតិវិធីច្បាប់។ នេះ​បើតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

យោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដែលទូរទស្សន៍ BTV ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានស្រាវជ្រាវ ស៊ើបអង្កេត រកឃើញនិងប្រតិបត្តិការលើទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៧៥១ ទីតាំង, និងបានបិទសៀលទីតាំងចំនួន ៦០៥ ទីតាំងមិនឱ្យមានសកម្មភាពទៀតឡើយ។

របាយការណ៍បានបន្តថា ក្នុងប្រតិបត្តិការបោសសម្អាត សមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេតតាមបណ្ដាទីតាំងកាស៊ីណូដែលមានអាជ្ញាបណ្ណសរុបចំនួន ១៩៥ និងបានឈានទៅដកហូតអាជ្ញាបណ្ណចំនួន ២០ កាស៊ីណូ និង បានព្យួរអាជ្ញាបណ្ណចំនួន ២៩ កាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកាស៊ីណូចំនួន ២៣ បានផុតសុពលភាពនិងផ្អាកដំណើរការអាជីវកម្ម។

គ.ប.ឆ.ប.បានបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ មកដល់ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានសង្គ្រោះ និងអនុវត្តនីតិវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស ចំនួន ២១,៦៦៦ នាក់ មកពី ៣៨ សញ្ជាតិ ភាគច្រើនជាជនជាតិចិន វៀតណាម ប៉ាគីស្ថាន ឥណ្ឌូនេស៊ី បង់ក្លាដេស និងឥណ្ឌា។ ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿង ចំនួន ៣៨៨ ករណីទៅតុលាការ និងជនសង្ស័យ ៤,១៤៧ នាក់ រួមមានមេខ្លោងនិងគូកន ចំនួន ២៧ សញ្ជាតិ ត្រូវបានចោទប្រកាន់តាមនីតិវិធីច្បាប់៕ អត្ថបទ៖ សុភាព

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia