Connect with us

ព័ត៌មាន

មន្រ្ដីជាន់ខ្ពស់សមាគមអតីតយុទ្ធជនកម្ពុជាទទួលគ្រឿងឥស្សរយសជាន់ខ្ពស់ពីសមាគមអតីតយុទ្ធជនម៉ាឡេស៊ី

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរយសជាន់ខ្ពស់ មេដាយភាពជាអ្នកដឹកនាំឆ្នើម និង មេដាយការងារឆ្នើមរបស់សមាគមអតីតយុទ្ធជនម៉ាឡេស៊ី តាមរយៈ ឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពិធីបំពាក់គ្រឿងឥស្សរយសជាន់ខ្ពស់ពី ឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៉ី ថ្លែងថា សមាគមអតីតយុទ្ធជនម៉ាឡេស៊ី មើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ជាសេនាធិការ លើកកម្ពស់ការបង្កើតទំនាក់ទំនងទ្វេភាគី ស្មារតីសាមគ្គីភាព ក្នុងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ។

ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនម៉ាឡេស៊ី ថ្លែងទៀតថា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងពេលកំពុងកាន់តំណែងជាប្រធាន VECONAC ២០២៦ ដែលស្នាដៃរបស់ ឯកឧត្តម និងថ្នាក់ដឹកនាំជាច្រើនទៀត សាកសមទទួលគ្រឿងឥស្សរយសជាន់ខ្ពស់ពីសមាគមអតីតយុទ្ធជនម៉ាឡេស៊ី។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្តែងសេចក្តីសោមនស្សរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនម៉ាឡេស៊ី និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំយកនូវគ្រឿងឥស្សរិយយស មកប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា ការបំពាក់គ្រឿងឥស្សរយសនាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិត្តិយស សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

លើសពីនេះ ជោគជ័យ និងសមិទ្ធផលទាំងឡាយដែលសមាគមសម្រេចបានរហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការដឹកនាំដ៏ប៉ិនប្រសព្វជាប្រចាំពីសំណាក់ សម្តេច ហ៊ុន សែន ប្រធានសមាគម ដែលជាស្ថាបនិកដ៏ខ្ពង់ខ្ពស់ក្នុងការបង្កើតសមាគមនេះឡើង ដើម្បីជាបង្អែកដ៏រឹងមាំសម្រាប់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា ក្រោមការដឹកនាំប្រកបដោយថាមវន្ត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ នៃសមាគម រាជរដ្ឋាភិបាលកម្ពុជាបានបន្តជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់កិត្តិយស និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនកងកម្លាំង ប្រដាប់អាវុធម៉ាឡេស៊ី មិនមែនជាទំនាក់ទំនងដែលកើតឡើងក្នុងថ្ងៃនេះទេ ប៉ុន្តែជាទំនាក់ទំនង ដែលបានកសាង និងពង្រឹងជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋាននៃ មិត្តភាព ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងផលប្រយោជន៍រួមរបស់អតីតយុទ្ធជន។

ក្នុងនាម សមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សង្ឃឹម និងជឿជាក់ថា បន្ទាប់ពីការបំពាក់គ្រឿងឥស្សរយស នឹងក្លាយជាចំណុចសំខាន់មួយបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសមាគមទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការគាំទ្រគ្នាទៅវិញទៅមក និងការចូលរួមក្នុងសកម្មភាពនានារបស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia