ព័ត៌មាន
កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត
ប្រជាកសិករផលិតខ្នាតតូច ដែលទទួលបានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ជីវភាព និងមុខរបររបស់ពួកគាត់មានភាពប្រសើរឡើង ខណៈការលក់ផលិតផលនានាក្នុងស្រុកកាន់តែមានទីផ្សារ ជាពិសេសនៅពេលទទួលបានឱកាសចូលរួមលក់ដូរនៅ «ផ្សារផលិតផលខ្មែរ» ដែលរៀបចំដោយក្រុមការងារគម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នៅរៀងរាល់ចុងសប្តាហ៍។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានគ្រប់គ្រងគម្រោង អេមស៍ ថ្នាក់ខេត្ត ក្នុងពិធីសម្ពោធបើក «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបានរៀបចំរួមគ្នាជាមួយ «ផ្សារផលិតផលខ្មែរ» ក្នុងខេត្តកំពង់ចាម កាលពីកន្លងទៅនេះ បានបង្ហាញសុទិដ្ឋិនិយមចំពោះលទ្ធផល ដែលទទួលបានពីការអនុវត្តគម្រោង ដោយបញ្ជាក់ថា កសិករចំនួនជាង ៧ ៨០០គ្រួសារ បានទទួលការគាំទ្រពីគម្រោង ជាពិសេសតាមរយៈការសម្របសម្រួលរវាងវិស័យឯកជន ក្រុមអ្នកផលិត និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង និងអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងទីផ្សារកសិកម្ម។
លោកបានបន្តថា តាមរយៈការគាំទ្ររបស់គម្រោង អេមស៍ ជីវភាពរបស់ប្រជាពលរដ្ឋដែលជាកសិករខ្នាតតូច និងជាអាជីវករ មានភាពប្រសើរឡើងជាងមុន ព្រោះពួកគាត់ទទួលបានឱកាសភ្ជាប់ទៅកាន់ទីផ្សារកាន់តែច្រើន និងមានការសម្របសម្រួលជាមួយអ្នកទិញ និងវិស័យឯកជន។
ក្រុមកសិករខេត្តកំពង់ចាម បានលើកឡើងថា ការចូលរួមក្នុងគម្រោង អេមស៍ បានផ្តល់ឱកាសឱ្យមានកន្លែងលក់ផលិតផលជាក់លាក់ និងអាចជួបអតិថិជនដោយផ្ទាល់។ ពួកគាត់ បានឱ្យដឹងស្រដៀងគ្នាទៀតថា ពីមុនពិតជាមានការព្រួយបារម្ភអំពីទីផ្សារ ពេលផលិតផលបានហើយ មិនដឹងថាត្រូវយកទៅលក់នៅទីណា ឬលក់ឱ្យអ្នកណាទេ។ ប៉ុន្តែ បន្ទាប់ពីបានចូលរួមក្នុងផ្សារផលិតផលខ្មែរ គឺបានជួយឱ្យយើងមានឱកាសបង្ហាញផលិតផល និងលក់ដោយផ្ទាល់ទៅអតិថិជន។
យុទ្ធនាការផលិតផលជាតិ បង្កើតឡើងក្នុងគោលបំណងពង្រីកទីផ្សារក្នុងស្រុក បង្កើតឱកាសឱ្យអ្នកផលិត សហគ្រាសមីក្រូធុនតូច និងមធ្យម បានដាក់បង្ហាញ និងលក់ផលិផលដោយផ្ទាល់ សំដៅលើកកម្ពស់មោទនភាពជាតិ «បណ្តុះទំលាប់ខ្មែរជួយខ្មែរ» និងបង្កើនទំនុកចិត្តលើគុណភាពផលិតផលជាតិ ព្រមទាំងតភ្ជាប់បណ្តាញអាជីវកម្ម និងជាវេទិកាជួបជុំផលិតករ និងអ្នកចែកចាយក្នុងតំបន់។ សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) គឺជាគម្រោងអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម នៅក្នុងខេត្តគោលដៅចំនួន១៨ ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ក្នុងគោលបំណង ជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា៕អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣