Connect with us

ព័ត៌មាន

សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនពីធនាគារ​ SME

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនរហូតដល់ ប្រមាណ៥០ ម៉ឺនដុល្លារអាមេរិក ពីធនាគារ​ សហគ្រាសធុនតូច​ និងមធ្យមកម្ពុជា ម.ក (SME Bank) ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​អាជីវកម្ម។ នេះគឺបានឆ្លុះបញ្ចាំងអំពីតម្រូវការឥណទានកើនឡើងសម្រាប់គាំទ្រដល់សហគ្រាសក្នុងស្រុក​ ក្នុងការផលិត និងកែច្នៃ ទំនិញ ដើម្បីជំនួសឱ្យផលិតនាំចូលពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ​។

លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) បានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនចន្លោះពី៤០ ទៅ ៥០ ម៉ឺនដុល្លារអាមេរិក បើធៀបទៅ កាលពីរបីឆ្នាំមុន​ គឺពួកគេមានតម្រូវការឥណទានខ្ពស់បំផុតត្រឹម​ ៣០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ សហគ្រាសដែលមានតម្រូវការទុនវិនិយោគធំៗគឺប្រភេទសិប្បកម្មកែច្នែ ជាពិសេស សហគ្រាសកែច្នៃ ចំណីអាហារ ដើម្បីជំនួសឱ្យផលិតផលនាំចូលពីថៃ។​ កត្តាដែលនាំឱ្យសហគ្រាសធុនតូច និងមធ្យមមានតម្រូវការទំហំឥណទានធំជាងមុនគឺ ភាពរីកចម្រើនអាជីវកម្មរបស់សហគ្រាស​ ហើយ ការគ្រប់គ្រងអាជីវកម្មកាន់តែមានប្រសិទ្ធភាព​ និងការរក្សាបានភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារ​។

លោកបន្ថែមទៀតថា ជាមួយគ្នានេះ សហគ្រាសធុនតូច និងមធ្យម ក៏បានប្រើប្រាស់ដើមទុនដែលទទួលបានឥណទានពី ធនាគារ SME គឺចំគោលដៅ ដូចជា ការប្រើប្រាស់ប្រាក់កម្ចី យកទៅទិញម៉ាស៊ីន និងសាងសង់ពង្រីកឃ្លាំងបន្ថែម ដើម្បី​បង្កើនលទ្ធភាព​ក្នុងខែច្រវ៉ាក់ផលិតកម្មរបស់ពួកគេ​។ ជាក់ស្តែង ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៦នេះ ធនាគារ SME បានបញ្ចេញឥណទានទៅឱ្យសហគ្រាសធុនតូច និងមធ្យមចំនួន ២០០មូលដ្ឋាន ក្នុងទំហំឥណទានសរុប ៥២លានដុល្លារអាមេរិក​ កើនឡើង ៦៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួន ៣០លានដុល្លារអាមេរិក។

លោកមានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ មានការកើនឡើងនៃតម្រូវការ​ទុនវិនិយោគរបស់សហគ្រា​សកែច្នៃផលិតផលក្នុងស្រុក​ ដោយគ្រាន់តែ ក្នុងរយៈពេល៧ខែឆ្នាំនេះ ៦៤ភាគរយ នៃឥណទានសរុប បានផ្តល់ទៅឱ្យសហគ្រាស កែច្នៃ និងផលិតកម្ម និង ៤០ ភាគរយ បានផ្តល់ឱ្យសហគ្រាសកែច្នៃម្ហូបអាហារ។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងថា វាមានចរន្តនៃការបង្កើនផលិតផលក្នុងស្រុក​ ដើម្បីជំនួសឱ្យការនាំចូលផលិតផលពីបរទេស ជាពិសេសពីប្រទេសថៃ។

ធនាគារ SME គឺជាធនាគាររបស់​រដ្ឋ ត្រូវបាន​បង្កើតឡើង ដើម្បីផ្តល់ឥណទានអត្រាការប្រាក់ទាប គាំទ្រដល់ការស្តារ និងពង្រីកអាជីវកម្មរបស់ SME។ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥ ធនាគារ SME បានផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ជូនសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ ចំនួន ២ ៨៥០ សហគ្រាស ដែលមានសមតុល្យឥណទានជាង ២៣០ លានដុល្លាអាមេរិក៕អត្ថបទ៖ ធូ វិរៈ

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia