ព័ត៌មាន
គណៈកម្មការទី១ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីរិះរកយន្តការរួមធ្វើការងារពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដើម្បីផលប្រយោជន៍ប្រជាជន
ភ្នំពេញ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយភាគីរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ជំនួបពិភាក្សាការងារដែលរៀបចំធ្វើនៅវិមានរដ្ឋសភានេះធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម សំដៅរិះរកយន្តការរួមជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការពង្រឹងកិច្ចការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល លើការលើកស្ទួយ ការពារ និងគោរពសិទ្ធិមនុស្ស ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ជាមួយគ្នានេះ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលរដ្ឋសភាសម្រេចបានក្នុងការងារពង្រឹងក្របខណ្ឌច្បាប់ ដោយចាប់តាំងពីនីតិកាលទី១ រហូតដល់នីតិកាលទី៧ នេះ រដ្ឋសភាបានអនុម័តច្បាប់សរុបចំនួន ៧៨៤ ច្បាប់ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ក្នុងនោះ គណៈកម្មការទី១ បានពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស រួមមាន៖
- ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃពិធីសារបន្ថែម នៃអនុសញ្ញាស្តីពីការប្រឆាំងទារុណកម្ម និងការប្រព្រឹត្ត ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬថោកទាប
- ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការជាដើម
ជាការឆ្លើយតប ឯកឧត្តម កែវ រ៉េមី បានជម្រាបជូនអំពីយន្តការការពារសិទ្ធិពលរដ្ឋ តាមរយៈការទទួលពាក្យបណ្តឹងផ្ទាល់ ប្រព័ន្ធបច្ចេកវិទ្យាទូរសព្ទដៃ «CHRC App» ការតាមដានបញ្ហាសិទ្ធិមនុស្សលើបណ្តាញសង្គម និងការបន្តផ្សព្វផ្សាយអប់រំច្បាប់ឱ្យកាន់តែទូលំទូលាយ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំឭកពីសកម្មភាពការពារសិទ្ធិពលរដ្ឋកម្ពុជាក្នុងអំឡុងពេលមានការឈ្លានពានពីភាគីថៃ ដែលកន្លងមកគណៈកម្មាធិការបានចេញលិខិតថ្កោលទោស លិខិតបណ្តឹង និងសេចក្តីថ្លែងការណ៍សរុបចំនួន ៦០ករណីផងដែរ។










-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
កីឡា6 days agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន1 week agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
-
ព័ត៌មាន4 days agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន2 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
កីឡា1 week agoក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ៤១គ្រឿងពីជើងឯកអាស៊ី លើកទី១១ នៅម៉ុងហ្គោលី