ព័ត៌មាន
កម្ពុជា និង ADB បង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនី ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព
ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រៀមកម្លាំងពលកម្មកម្ពុជាសម្រាប់អន្តរកាលបៃតង៖ ជំនាញសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី និងកែច្នៃកសិផលដែលកំពុងមានសក្តានុពល នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh។ សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនីដែលជាវិស័យអាទិភាពសម្រាប់អនាគតនៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុងទិសដៅរៀបចំកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងទីផ្សារការងារសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ថ្លែងទៅកាន់អង្គសិក្ខាសាលាដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម គ្រឹះស្ថានបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះភាពជាដៃគូដ៏រឹងមាំ ការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្តការសិក្សាដ៏សំខាន់នេះ និងជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយការរៀបចំសិក្ខាសាលានេះគឺពិតជាចំពេលវេលា ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការកសាងកម្លាំងពលកម្មដែលមានភាពបត់បែន មានសមត្ថភាព និងត្រៀមខ្លួនសម្រាប់អនាគត ដើម្បីជំរុញការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃកសិផលកម្រិតខ្ពស់ និងវិស័យយានយន្តអគ្គិសនី។ លើសពីនេះ គំនិតផ្តួចផ្តើមនេះក៏ស៊ីចង្វាក់ជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ ខណៈការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងដែលបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការបំពាក់កម្លាំងពលកម្មនូវជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រ ផ្តល់សេវា និងធានានិរន្តរភាពដល់ទីផ្សារដែលកំពុងផ្លាស់ប្តូរ។
ឯកឧត្តមមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាមិនអាចពឹងផ្អែកតែលើកត្តាជំរុញកំណើនបែបប្រពៃណីនេះទេ គឺត្រូវធ្វើពិពិធកម្ម ទំនើបកម្ម និងឈានឡើងក្នុងខ្សែច្រវាក់តម្លៃសកល។ ទន្ទឹមនឹងការអភិវឌ្ឍការធ្វើដំណើរប្រកបដោយថាមពលបៃតង កម្ពុជាក៏កំពុងដឹកនាំបដិវត្តន៍ឧស្សាហកម្មកសិកម្មដ៏ទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ដូចដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកសាងសមត្ថភាពកែច្នៃក្នុងស្រុកដ៏រឹងមាំ មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចយុទ្ធសាស្ត្រមួយ។ នេះគឺជាស្ពានភ្ជាប់មរតកកសិកម្មទៅនឹងសមត្ថភាពឧស្សាហកម្មទំនើប ដោយផ្តល់អំណាចដល់សហគ្រិនក្នុងស្រុក និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញទំនិញមានតម្លៃបន្ថែមខ្ពស់ដែលពិភពលោកអាចទុកចិត្តបាន។
ឯកឧត្តមគូសបញ្ជាក់ថា ការប្រែក្លាយយុវជនទៅជាកម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី និងវិស័យកែច្នៃកសិផល ជាអាទិភាពដ៏សំខាន់បំផុតសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចជាតិ។ ហេតុនេះ កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ TVET បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីជួយបិទគម្លាតរវាងការអប់រំ និងការងារ ពង្រឹងគុណភាពស្ថាប័ន TVET និងផ្តល់ជំនាញត្រៀមសម្រាប់អនាគតដល់យុវជន។
ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាល ស្ថាប័ន TVET និងវិស័យឯកជន កម្ពុជាអាចកសាងប្រព័ន្ធ TVET ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ បង្កើនភាពប្រកួតប្រជែងរបស់កម្លាំងពលកម្ម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព អព្យាក្រឹតកាបូន និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាប្រកបដោយស្ថាបនា និងផុសផុលលើប្រធានបទនេះ ដើម្បីបំប្លែងអនុសាសន៍យុទ្ធសាស្ត្រទាំងនេះទៅជាលទ្ធផលជាក់ស្តែង និងអាចអនុវត្តបាន។
នាឱកាសនោះ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យយានយន្ត និងវិស័យកែច្នៃកសិផលផ្តល់ឱកាសដ៏សំខាន់ដល់កម្ពុជាក្នុងការឈានទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់ ប៉ុន្តែការសម្រេចបាននូវគោលដៅនេះ តម្រូវឱ្យពង្រឹងការអភិវឌ្ឍជំនាញបច្ចេកទេស ឌីជីថល ស្តង់ដាគុណភាព ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការអនុវត្តផលិតកម្មប្រកបដោយចីរភាព។ លោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធជំនាញ និងការបំពាក់បំប៉នកម្លាំងពលកម្មនូវជំនាញចាំបាច់នានា សម្រាប់លើកកម្ពស់សេដ្ឋកិច្ចបៃតង ភាពប្រកួតប្រជែង និងមានភាពធន់ជាងមុន៕
















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន6 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ