Connect with us

ព័ត៌មាន

ក្រសួងការងារ ចាត់វិធានកា​រលើ​អ្នកគ្រ​ប់​គ្រង​ជា​ជន​បរទេស​ដែល​ប្រើ​ប្រាស់​អាកប្ប​កិរិយា និង​ពាក្យ​សម្តី​មិន​​សមរម្យ​ជា​មួយ​បង​ប្អូន​កម្មករ​​និ​យោ​ជិត​ខ្មែរ

(ភ្នំពេញ)៖ ជនបរទេសដែលជាថ្នាក់​ដឹកនាំកម្មករនិយោ​ជិត​ក្នុង​រោងចក្រ​ចំនួន ២នាក់ ត្រូវបានក្រសួង​ការងារនិង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការយ៉ាងម៉ឺង​ម៉ាត់បំផុតដែលតម្រូវឱ្យធ្វើកិច្ចសន្យាថាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ​ដែលប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃពុធនេះថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រសួង​បាន​ត​ម្រូវឱ្យអ្នក​គ្រប់គ្រងជាជនបរទេសចំនួន ២រូប ក្នុងនោះ១រូប នៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.ក ស្ថិត​នៅខេត្តកណ្ដាល និង១រូបទៀត នៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលបាន​ប្រព្រឹត្ត​អាកប្បកិរិ​យាមិន​សមរ​ម្យចំពោះបងប្អូនកម្មករនិយោជិត ធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខ បងប្អូនកម្មករនិយោជិត និង​ធ្វើកិច្ចសន្យាថា​ ឈប់ប្រើ​ប្រាស់​អាក​ប្ប​កិ​រិយា និងពាក្យសម្តី​មិនសមរម្យដែលប៉ះពាល់​ដល់សេចក្តីថ្លៃថ្នូររបស់​បងប្អូនកម្មករ​និយោជិត​ខ្មែរត​ទៅទៀត។

ការព្រមានធ្ងន់ៗនេះ បន្ទាប់ពីក្រសួងទទួលបានបណ្តឹងរបស់បងប្អូនកម្មករនិយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់ទៅលើរូបភាព និង​សំឡេង​ពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជនផងដែរ។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនជា​មានករ​ណី​បែប​នេះជាលើកទី២ នាពេលខាងមុខ ជនបរទេសនោះនឹងប្រឈមការដកហូតបណ្ណការងារជនបរទេស និងបណ្តេញ​ចេញពី​ព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា​ បានឱ្យដឹងថា ការចេញសេចក្តីជូនដំណឹងនេះ គឺបន្ទាប់ពី​ក្រសួងពិនិ​ត្យ​មើ​លឃើញនូវការប្រព្រឹត្តរបស់អ្នកគ្រប់គ្រង មេកា ប្រធានផ្នែក អ្នកបកប្រែ បានប្រើប្រាស់ភាសាមិនសមរម្យ និងអាកប្ប​កិរិយាមិនគ​ប្បីចំពោះ​បង​ប្អូនកម្មករនិយោជិត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «ក្រសួងស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិន អ្នកគ្រប់គ្រង និងអ្នកជំនាញបរទេសដែលមកធ្វើការ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែគ្រប់គ្នាត្រូវគោរពច្បាប់ សុជីវធម៌ វប្បធម៌ខ្មែរ និងជាពិសេសត្រូវគោរពសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរ។ កន្លែងការងារត្រូវជាកន្លែងដែលមានការគោរពគ្នាទៅវិញទៅមក មិនមែនជាកន្លែងសម្រាប់ការប្រើពាក្យសម្តី ឬអាកប្បកិរិយាប្រមាថមើលងាយនោះទេ ដើម្បីកសាងសហគ្រាស​មួយជាសហគ​មន៍សុខ​សាន្តមួយតាម​ការចង្អុលបង្ហាញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងតាមអ្វីដែលឯកឧត្តមរដ្ឋមន្ត្រីប្រកាន់ខ្ជាប់»។

ជាមួយគ្នានេះ អ្នកគ្រប់គ្រងទាំងពីរដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះកម្មករនិយោជិត ត្រូវបានក្រសួង តម្រូវឱ្យអ្នកទាំង​ពីរធ្វើ​ការសុំទោសជាសាធារណៈនៅចំពោះមុខបងប្អូនកម្មករនិយោជិត និងធ្វើកិច្ចសន្យាថា នឹងឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរតទៅទៀត ហើយបើមានលើកទី២ទៀតនោះ ជនបរទេស​នឹងត្រូវប្រឈ​មនឹងការដ​កហូត​អាជ្ញា​ប​ណ្ណការងារជនបរទេស និងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបបញ្ជាក់ពីលោកស៊ុន មេសាដដែល។

បើតាមអ្នកនាំពាក្យរូបនេះ បងប្អូនកម្មករនិយោជិតដែលបានឃើញ ឬរងនូវអំពើនានាក៏អាចជូនដំណឹងពីការប្រើប្រាស់អាកប្បកិរិយា និងពាក្យ​សម្តីមិនសមរម្យ ឬការមិនអនុវត្តលក្ខខណ្ឌការងារបានត្រឹមត្រូវនៅកន្លែងការងារ មកអធិការការងារ តាមរយៈប្រអប់​បណ្តឹង​អនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ឬប្រព័ន្ធទូរសព្ទ Hotline លេខ «១២៨៦»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia