ព័ត៌មាន
ជំនាញទេសចរណ៍៖ ពីការងារសាមញ្ញទៅជាអាជីពដែលទីផ្សារកំពុងត្រូវការ
ការរធ្វើម្ហូប រៀបចំបន្ទប់សណ្ឋាគារ បម្រើអាហារ ឬទទួលភ្ញៀវ អាចមើលទៅជាការងារសាមញ្ញ ប៉ុន្តែការបំពេញការងារទាំងនេះប្រកបដោយវិជ្ជាជីវៈ ត្រូវការជំនាញ បទពិសោធន៍ និងការបណ្តុះបណ្តាលតាមស្តង់ដារ ខណៈតម្រូវការអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកំពុងកើនឡើង គ្រាដែលរាជរដ្ឋាភិបាលកាន់តែមានការយកចិត្តទុកដាក់ខ្ពស់លើការងារទាំងនេះ។

លោក ស៊ឹម សុចិន្តា ប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ការងារក្នុងវិស័យនេះមិនគួរពឹងផ្អែកតែលើការរៀនតាមបទពិសោធន៍នៅផ្ទះនោះទេ ប៉ុន្តែត្រូវការការបណ្តុះបណ្តាលដែលមានកម្មវិធីសិក្សាច្បាស់លាស់ គ្រូមានគុណវុឌ្ឍិ និងការវាយតម្លៃសមត្ថភាព ដើម្បីឲ្យអ្នកសិក្សាអាចបំពេញការងារតាមតម្រូវការរបស់ទីផ្សារ។

លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច មានមុខជំនាញជាច្រើន រួមមាន៖ ការគ្រប់គ្រងសេវាកម្មទេសចរណ៍ សណ្ឋាគារការិយាល័យជួរមុខ ភោជនីយដ្ឋាន និងម្ហូបអាហារ សេវាកម្មកម្សាន្ត ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម្ហូបអាហារ។ លោកបានបន្តថា អ្នកដែលមានសមត្ថភាព និងអាចបង្ហាញលទ្ធផលការងារបានល្អ មានឱកាសទទួលបានប្រាក់ចំណូលកាន់តែប្រសើរ ខណៈប្រាក់ខែជាក់ស្តែងអាស្រ័យលើសមត្ថភាព តម្រូវការទីផ្សារ និងការចរចាជាមួយនិយោជក។ សម្រាប់អ្នកដែលចង់ចូលទីផ្សារការងារឆាប់ អាចជ្រើសរើសវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ខណៈការសិក្សារយៈពេលវែងអាចផ្តល់សមត្ថភាពបន្ថែមលើការវិភាគ ការគ្រប់គ្រង ការរៀបចំផែនការ និងការសម្រេចចិត្ត។
បន្ថែមពីនេះ លោកប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បានសង្កត់ធ្ងន់ថា ការរីកចម្រើននៃវិស័យទេសចរណ៍ក៏អាចជួយជំរុញវិស័យផ្សេងៗទៀត ដូចជា កសិកម្ម ការកែច្នៃម្ហូបអាហារ និងសេវាកម្ម ដោយបង្កើតតម្រូវការសម្រាប់ផលិតផលក្នុងស្រុក និងបង្កើតឱកាសការងារបន្ថែម។ ដូច្នេះ ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចមិនត្រឹមតែជាជំនាញសម្រាប់រកការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាមូលដ្ឋានសម្រាប់ការកសាងអាជីពរយៈពេលវែង និងចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យពាក់ព័ន្ធជាច្រើន។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាគ្រឹះស្ថាន ធីវ៉េត (TVET) មួយដែលឈានមុខគេក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលប្រកបដោយគុណភាព និងស្តង់ដា ដែលផ្តល់នូវឱកាសការងារខ្ពស់ក្រោយពេលបញ្ចប់ការសិក្សា។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានេះ មានមហាវិទ្យាល័យទាំង៨ នឹងផ្តល់នូវមុខជំនាញប្រកបដោយសក្ដានុពលក្នុងទីផ្សារការងារ ក្នុងនោះក៏មាន មហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងវិទ្យាសាស្ត្រសង្គម,មហាវិទ្យាល័យអគ្គិសនី, មហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍, មហាវិទ្យាល័យមេកានិក,មហាវិទ្យាល័យមេកានិករថយន្ត, មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម, មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣