ព័ត៌មាន
JICA កំពុងអនុវត្តគម្រោង៤បន្ថែមទៀត ដើម្បីធ្វើឱ្យភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព
JICA កំពុងអនុវត្តគម្រោង៤បន្ថែមទៀតក្នុងការជួយដល់រាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។
ខណៈអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ លោក សានុយ កាហ៊្សុម៉ាសា (Mr. SANUI Kazumasa) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA មានប្រសាសន៍ថា JICA ក្នុងរយៈពេលជាង៣០ឆ្នាំនេះ បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍ។ ជាក់ស្តែងនៅពេលនេះ JICA បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងជំនួយចំនួន៤បន្ថែមទៀត ដល់រាជធានីភ្នំពេញ។ គម្រោងទាំង៤នេះ រួមមាន ទី១. គម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងដឹកជញ្ជូនចម្រុះក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះទើបតែបានបញ្ចប់សេចក្តីព្រាងផែនការមេ ហើយគ្រោងនឹងដាក់ចូលក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងដើម្បីពិនិត្យ និងពិភាក្សាលម្អិតចុងក្រោយ នៅអំឡុងខែកញ្ញាខាងមុខនេះ។ ទី២. គម្រោងរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងសំណល់រឹងទីក្រុង ដែលជាគម្រោងសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន និងបានចាប់ផ្ដើមអនុវត្តតាំងពីខែកុម្ភៈ ឆ្នាំ២០២៦មក។ ទី៣. គម្រោងអភិវឌ្ឍន៍សមត្ថភាពជូនរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ ជំហានទី២ និងទី៤. គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ដែលគម្រោងនេះ គ្រោងនឹងបញ្ចុះបឋមសិលានៅដើមឆ្នាំ២០២៨ខាងមុខនេះ។
ជុំវិញគម្រោងនេះអង្គការ JICA ក៏បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញដើម្បីចូលរួមប្រជុំរៀងរាល់១ត្រីមាសម្តង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងការអនុវត្តគម្រោង ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងផ្លែផ្កាតាមការគ្រោងទុក។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលការអភិវឌ្ឍរីកចម្រើនទាំងនេះ គឺមិនអាចផ្តាច់បានពីការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍នានា រួមទាំងអង្គការ JICA ផងដែរ។ អង្គការ JICA បានជួយលើកិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រង់ធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាត អគ្គីសនី ថាមពល អប់រំ ច្បាប់ កសិកម្ម និងលំហូរចរាចរណ៍ ព្រមទាំងការកសាងធនធានមនុស្សជូនរាជធានីភ្នំពេញតាមរយៈវគ្គបណ្តុះបណ្តាលជាច្រើន ទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលបានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដម អភិបាលរាជធានីបន្តទៀតថា ទីលានចាក់សំរាមនៅខណ្ឌដង្កោ បានពេញហើយ មិនអាចបន្តចាក់បន្ថែមទៀតទេ។ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបង្វែរទៅចាក់ទីលានថ្មីនៅតំបន់ទួលព្រិច ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤០ហិកតា ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់នៅដើមនៅឆ្នាំក្រោយ។
ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើឱ្យអង្គការ JICA ពិចារណាបញ្ចូលការងារជួសជុលថែទាំទំនប់ការពារទឹកជំនន់នៅស្ទឹងព្រែកត្នោត ទំនប់៧មករា ចូលទៅគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយបង្ហូរទឹក ភាគខាងលិចឈាងខាងត្បូងរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលបានអញ្ជើញលោកប្រធានអង្គការ JICA និងក្រុមការងារ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងជាមួយគ្នា នៅទីតាំងទំនប់ការពារទឹកជំនន់ទំនប់៧មករា និងទីលានចាក់សំរាមថ្មីទួលព្រិច នៅពេលសមស្របណាមួយនាពេលខាងមុខ និងបានស្នើសុំទៅអង្គការ JICA ជួយផ្ដល់នូវរូបភាពផ្កាយរណប និងផែនទី Digital របស់រាជធានីភ្នំពេញដែលបានថតរួច ដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានមូលដ្ឋានយកមកប្រើប្រាស់ក្នុងការសិក្សាប្លង់មេប្រើប្រាស់ដីធ្លីឆ្នាំ២០៣៥-២០៥០ឱ្យបានសមស្របតាមទិដ្ឋភាពជាក់ស្តែង។
ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពទទួលយកនូវសំណូមពរទាំងអស់នេះ និងសន្យាពិភាក្សាជាមួយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបន្តទៀត៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣