Connect with us

ព័ត៌មាន

ការនាំចេញផលិតផល GFT របស់កម្ពុជារំពឹងកើនលើស ១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ភ្នំពេញ៖ ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនដល់ ឬលើស ១៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៦ ដែលនឹងក្លាយជាកម្រិតខ្ពស់បំផុតថ្មីមួយសម្រាប់វិស័យនេះ។ ការរំពឹងទុកនេះកើតឡើងបន្ទាប់ពីការនាំចេញ GFT នៅតែបន្តមានសន្ទុះកំណើនក្នុងឆមាសទី១ ឆ្នាំ២០២៦។ ជារួម វិស័យនេះបានបង្ហាញពីកំណើនប្រកបដោយស្ថិរភាព ដែលឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់ពីទីផ្សារសំខាន់ៗ និងការបន្តរក្សាបាននូវភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម GFT របស់កម្ពុជា។

រាជរដ្ឋាភិបាល​បានចាត់ទុក វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) គឺជាវិស័យស្នូលមួយក្នុងការជំរុញការនាំចេញរបស់កម្ពុជា ហើយវិស័យនេះនៅតែបន្តរក្សាបាននូវកំណើនគួរឱ្យកត់សម្គាល់។​ ជាលទ្ធផល ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យ GFT បាន​នាំចេញសរុបបានកើនឡើងពី ៧,៦៣ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥ ដល់ ៨,០៩ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលកើនចំនួន ៤៦៦,៦៩ លានដុល្លារអាមេរិក ឬ ស្មើនឹង​៦,១២%។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុត ដោយការនាំចេញបានកើនឡើងពី ៣,០៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ដល់ ៣,៥៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៦ ស្មើនឹង ៤៣,៧% នៃការនាំចេញផលិតផល GFT សរុប។ ផលិតផលសម្លៀកបំពាក់នៅតែជាផលិតផលនាំចេញឈានមុខគេរបស់កម្ពុជា​។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តួលេខនេះជាកំណើនមួយគួរឱ្យចាប់អារម្មណ៍ បើទោះជា រងសម្ពាធពីពន្ធបដិការបស់សហរដ្ឋអាមេរិក ក៏ការនាំចេញផលិត GFT នៅតែឈរជើងយ៉ាងរឹងមាំនៅទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារចម្បងជាងគេរបស់កម្ពុជា ហើយ រាជរដ្ឋាភិបាលមានទំនុកចិត្តខ្ពស់​ថា វិស័យ GFT នឹងបន្តរីកចម្រើនតទៅទៀត ខណៈដែលការវិនិយោគទៅលវិស័យនេះនៅតែបន្តកើនឡើងជាលំដាប់។

ឯកឧត្តម មានប្រសាសន៍ថា៖ «យោងទៅតាមការបញ្ជាទិញ GFT នៅតែមាន ហើយ បច្ចុប្បន្ននេះ រដូវដែលមានការនាំចេញច្រើននឹងបន្តរហូតដល់ខែតុលា អីចឹង កម្ពុជានៅតែ មានសេចក្តីសង្ឃឹមថា ទំនិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែមានទីផ្សារនៅឡើយ។ ផលិតផលនេះ នៅតែជាទីសង្ឃឹមរបស់កម្ពុជានៅឡើយ បើទោះបីជា មានបញ្ហាអ្វីផ្សេងៗក៏ដោយ ដែលកើតមានឡើងកន្លងមក។​ ក្រសួងពាណិជ្ជកម្ម​នឹងបន្តខិតខំធ្វើយ៉ាងណាបន្តសម្របសម្រួលពាណិជ្ជកម្ម ទាំងការបំពេញសេវាសាធារណៈ ទាំងការបំពេញលក្ខខណ្ឌទីផ្សារ សម្រាប់ទីផ្សារនានា ជាពិសេស វិធានប្រភពដើមទំនិញ និងការជួយសម្របសម្រួលលក្ខខណ្ឌទីផ្សារផ្សេងៗទៀត​ស្របតាមតម្រូវការរបស់ប្រទេសជាទីផ្សាររបស់កម្ពុជា»។​

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់នៅតែជាប្រភេទផលិតផលធំជាងគេ ដែលមានចំនួន ៦៨,៨% នៃការនាំចេញសរុបនៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ តាមពីក្រោយដោយ ផលិតផលស្បែកជើង ១៣,៧% និង​ផលិតផលធ្វើដំណើរនិងការបូប ១៣,០% និងផលិតផលវាយនភណ្ឌផ្សេងទៀត មានចំនួន ៤,៨%។ នេះគឺបានឆ្លុះបញ្ចាំងថា វិស័យនេះនៅតែបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗ និងរក្សាបានស្ថិរភាពទីផ្សារសម្រាប់ការនាំចេញ ជាពិសេស ទីផ្សារសហរដ្ឋអាមេរិក។​

លោក កាំង ម៉ូនីកា មានប្រសាសន៍ថា៖ «ជាការពិតបើទោះជាបី កម្ពុជា បានជួបប្រទះ​នូវបញ្ហាប្រឈមមួយចំនួន ក៏លោកមើលឃើញថានិន្នាការវិនិយោគថ្មីៗនៅតែបន្តកើតមាន ហើយការបញ្ជាទិញនៅតែមានគ្រប់គ្រាន់ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក»។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា ក្នុង​ឆ្នាំ២០២៥ វិស័យ GFT របស់កម្ពុជាមានប្រហែល ១,៨០០ រោងចក្រ​/សហគ្រាស និងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១,១១ លាននាក់ ដែលប្រមាណ ៧៥% នៃកម្មករ-និយោជិតជាស្ត្រី៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia