ព័ត៌មាន
ពលរដ្ឋជិត ៥០ម៉ឺននាក់ ទទួលការបណ្ដុះបណ្ដាលជំនាញ ធីវ៉េត ក្នុងនោះយុវជនជាង ២៧ម៉ឺននាក់មកពីគ្រួសារខ្វះខាត
រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តជំរុញយ៉ាងសកម្មនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពិសេសការបន្ថែមនូវការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ TVET ១,៥លាននាក់ ដើម្បីបំពាក់បំប៉នជំនាញជាក់ស្តែងដល់ប្រជាពលរដ្ឋ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសម្រេចគោលនយោបាយ “ពលរដ្ឋម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ។

តាមរយៈការខិតខំប្រឹងប្រែងនេះ បើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេលជិត ៣ឆ្នាំមកនេះនៃការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យុវជន និងប្រជាពលរដ្ឋចំនួនជិត ៥០ម៉ឺននាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ដែលជាគន្លឹះដ៏សំខាន់សម្រាប់ទទួលបានការងារសមរម្យ ប្រាក់ចំណូលប្រសើរ និងអនាគតកាន់តែច្បាស់លាស់។ ក្នុងនោះ យុវជនជាង ២៧,៦ម៉ឺននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានទទួលការបណ្ដុះបណ្ដាលក្រោមកម្មវិធីជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនគោលដៅចំនួន ១,៥លាននាក់ (TVET 1,5M) ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្កើតឱកាសការងារដ៏ពិតប្រាកដមួយសម្រាប់អនាគត។
ក្នុងចំណោមយុវជនជាង ២៧ម៉ឺននាក់ មកពីគ្រួសារខ្វះខាត និងងាយរងហានិភ័យ ដែលទទួលបានឱកាសសិក្សាដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល យុវជន រ៉ា ចាន់រ័ត្ន មានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ ចាប់យកជំនាញផ្នែកឌីហ្សាញ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ខណៈគ្រួសារកំពុងជួបការខ្វះខាត គ្មានលទ្ធភាពបង់ថ្លៃសាលា ប៉ុន្តែនៅទីនេះអាចបានរៀនជំនាញដែលខ្លួនពេញចិត្ត ជាពិសេសការរៀនដោយមិនគិតថ្លៃអ្វីទាំងអស់ ថែមទាំងមានការយកចិត្តទុកដាក់ពីគ្រូបង្រៀន ហើយថ្នាក់រៀនក៏ស្អាតបាតផងដែរ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ប្រមុខថ្នាក់ដឹកនាំចង់ឱ្យយុវជនគ្រប់រូប ជាពិសេសយុវជនក្រីក្រ អាចឈានចេញពីស្ថានភាពងាយរងហានិភ័យតាមរយៈជំនាញ ការងារ និងប្រាក់ចំណូល។ ពេលយុវជនម្នាក់មានជំនាញ មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយគ្រួសារ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិទាំងមូល។ ក្រសួងការងារក៏បានអំពាវនាវដល់យុវជនឱ្យចាប់យកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងស្នើដល់មាតាបិតា អាណាព្យាបាល ឱ្យលើកទឹកចិត្តកូនចៅជ្រើសរើសជំនាញដែលស្របនឹងចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន6 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ