Connect with us

ព័ត៌មាន

លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត

នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ព្រមទាំងក្រុមការងារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិនិត្យគុណភាព និងប្រគល់អណ្តូងទឹកស្អាតជាផ្លូវការចំនួន ១០ អណ្តូង ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។

អណ្តូងទឹកស្អាតទាំងនេះ គឺជាអំណោយទានដ៏ថ្លៃថ្លារបស់មាតាបិតាបង្កើតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកជំទាវ បានគូសបញ្ជាក់យ៉ាងច្បាស់ថា អណ្តូងទឹកទាំងនេះ គឺជា «កេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លា» របស់លោកតា និងលោកយាយ ដែលបានបន្សល់ទុកជាប្រយោជន៍សង្គម។ មូលនិធិនេះ បានបន្តបេសកកម្មមនុស្សធម៌ប្រកបដោយចីរភាពអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ ដើម្បីធានាថា ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ លោកជំទាវបានសង្កត់ធ្ងន់ថា៖ «ទឹកគឺជាជីវិត ហើយសកម្មភាពមនុស្សធម៌នេះ នឹងនៅតែបន្តឆ្ពោះទៅមុខជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»។

ទទួលបាននូវប្រភពទឹកស្អាតនៅជិតផ្ទះបែបនេះ បងប្អូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ពិតជាមានក្តីរំភើបសប្បាយរីករាយឥតឧបមា។ ពួកគាត់បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ដោយបានលើកឡើងថា អណ្តូងទឹកទាំងនេះបានជួយសម្រាលបន្ទុកជីវភាពបានយ៉ាងច្រើន ដោយមិនបាច់ចំណាយថវិកាទិញទឹក ឬចំណាយពេលវេលាទៅដងទឹកពីកន្លែងឆ្ងាយៗដែលគ្មានអនាម័យទៀតឡើយ។ ការមានទឹកស្អាតប្រើប្រាស់ត្រឹមត្រូវ បានជួយឱ្យសុខភាពកូនចៅ និងគ្រួសារគាត់មាំមួន ជៀសផុតពីជំងឺឈឺថ្កាត់ផ្សេងៗ និងកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ។

បន្ថែមពីលើការផ្តល់ប្រភពទឹកស្អាត លោកជំទាវប្រធានមូលនិធិ ក៏បានចែករំលែកនូវដំបូន្មានផ្នែកសុខភាពដ៏មានតម្លៃ ដោយបានដាស់តឿនឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យរស់នៅល្អ ត្រូវដាំទឹកអណ្តូងឱ្យពុះមុនបរិភោគ និងកាត់បន្ថយការញ៉ាំអាហារប្រៃ ផ្អែម ខ្លាញ់ ឬគ្រឿងកំប៉ុង ដើម្បីជៀសវាងជំងឺមិនឆ្លងផ្សេងៗ។ ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នារក្សាសុខសន្តិភាព ដែលជាគ្រឹះដ៏សំខាន់បំផុតសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានផ្តល់ជូនអំណោយទ្រនាប់ដៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អ្នកចូលរួមទាំងអស់ ព្រមទាំងបានចែកនំ និងកាបូបស្ពាយរៀន ជូនដល់កុមារា-កុមារីតូចៗ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ស្នាមញញឹមដល់កុមារក្នុងការសិក្សារៀនសូត្រផងដែរ៕ អត្ថបទ៖ សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia