ព័ត៌មាន
ជនសង្ស័យ ឆេង ភារុណ និងបក្សពួក នឹងត្រូវបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តផ្លូវច្បាប់ ក្រោយការតាមចាប់ខ្លួនដល់ប្រទេសវៀតណាម
ភ្នំពេញ៖ ជនសង្ស័យ ឆេង ភារុណ និងបក្សពួក ដែលជាប់ពាក់ព័ន្ធអំពើហិង្សាលើបុរសម្នាក់បណ្តាលឲ្យរងរបួស នៅក្នុងខណ្ឌបឹងកេងកង នឹងត្រូវបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តផ្លូវច្បាប់នៅពេលខាងមុខ ក្រោយការតាមចាប់ខ្លួនរូបគេពីសំណាក់កម្លាំងសមត្ថកិច្ច ដល់ប្រទេសវៀតណាម ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យឆេង ភារុណ បានបញ្ចូនខ្លួនមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដោយកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន បានបញ្ចូនជនសង្ស័យមកឲ្យសមត្ថកិច្ចផែននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ជាអ្នកបន្តនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ ឆេង ភារុណ អាយុ២៥ឆ្នាំ និងបក្សពួកម្នាក់ទៀត កំពុងសាកសួរនាំតាមនីតិវិធី នឹងត្រៀមកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អយ្យការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅពេលឆាប់ៗខាងមុខ ។
កំឡុងពេលដែលជនសង្ស័យខាងលើ បានរត់ខ្លួនដល់ក្នុងទឹកដីប្រទេសវៀតណាមនោះ ប្រមុខដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចេញសារតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយព្រមានឲ្យជនសង្ស័យត្រឡប់ពីប្រទេសវៀតណាម ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ លើកំហុសដែលបានប្រព្រឹត្តិ ដោយកំណត់ឱសានវាទរយៈពេលត្រឹម៤៨ម៉ោងប៉ុណ្ណោះ ទោះជនសង្ស័យមិនព្រមចូលខ្លួនមកវិញ ក៏សមត្ថកិច្ចកម្ពុជា ស្នើសុំការសហការជាមួយនគរបាលជាតិវៀតណាមដើម្បីតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសដែរ ។
ក្រោយការប្រកាសរបស់ប្រមុខក្រសួងមហាផ្ទៃ នៅយប់ថ្ងៃខែដដែល នគរបាលវៀតណាមបានចាប់ខ្លួនជនសង្ស័យ ឆេង ភារុណ ហើយក៏ធ្វើសំណុំបែបបទបញ្ជូនខ្លួនរូបគេមកឲ្យសមត្ថកិច្ចកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។
គួររំលឹកថា ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាតឈាន ចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយបុរស០២នាក់ កើតជម្លោះដោយបាន យកកែវប្រើហិង្សាទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសក្បាល នៅក្នុងហាងផឹកស៊ីមួយកន្លែង យីហោ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕ លីហេង



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣