Connect with us

ព័ត៌មាន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាជ្ញាធរខេត្តកំពង់ស្ពឺ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងពន្លឿនការស្ថាបនា ជួសជុល កែលំអរនឹងស្តារឡើងវិញនូវកំណាត់ផ្លូវជាច្រើនខ្សែ ដែលបានរងការខូចខាតពិបាកក្នុងការធ្វើដំណើរ និងកកស្ទះចរាចរណ៍ ។

ក្នុងពិធីបញ្ជាគ្រឿងចក្រ បើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែងជាង ៨គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រៃញាតោ និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ការស្ថាបនា ជួសជុល កែលំអរលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គមនាគមន៍ និងសេវាសាធារណៈ បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សគ្រប់ទីកន្លែង ដែលបានជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាព ជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទនៅទូទាំងខេត្ត ។

ឯកឧត្តមបន្តថា លើសពីនេះ ការតភ្ជាប់បណ្តាញផ្លូវជនបទ បានបង្កភាពងាយស្រួលលើផ្នែកគមនាគមន៍ដឹកជញ្ជូន ដែលជាក់ស្តែងគឺយើងបាននឹងកំពុងរៀបចំបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST កំណាត់ផ្លូវលេខ ១៣០A (ផ្លូវលេខ១២៧ចាស់) ដែលមានប្រវែងសរុប ៨,៥០០ ម៉ែត្រ ដើម្បីសម្រួលឱ្យការធ្វើដំណើររបស់បងប្អូនចំណេញពេលវេលា កាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនផលិតផល កសិផល ទៅកាន់ទីផ្សារ និងមានភាពងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ។

លោក ហុង សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កំណាត់ផ្លូវលេខ ១៣០A នេះ មានប្រវែង៨,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ។ ក្នុងនោះ រួមមាន៖ ផ្លូវបេតុង ប្រវែងប្រមាណ១គីឡូម៉ែត្រ។ ផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រវែងប្រមាណ២ គីឡូម៉ែត្រ ដែលធ្លាប់បានស្ថាបនាដោយក្រុមហ៊ុន អ៊ុត ធី ។

លោកបានបញ្ជាក់ថា កំណាត់ផ្លូវសេសសល់ ប្រវែងប្រមាណ៥.៥គីឡូម៉ែត្រ ដែលបានរងការខូចខាតធ្ងន់ធ្ងរដល់ស្រទាប់គ្រឹះ ហើយផ្លូវនេះមិនស្ថិតក្នុងគម្រោងថែទាំប្រចាំ របស់មន្ទីរនោះទេ ទើបចាំបាច់ត្រូវរៀបចំធ្វើការជួសជុល និងកែលម្អឡើងវិញទាំងស្រុង ហើយទន្ទឹមនិងការស្ថាបនាផ្លូវមួយខ្សែនេះ មន្ទីរក៏បាននិងពន្លឿនការស្ថាបនា ជួសជុល កែលំអរផ្លូវជាច្រើនខ្សែផ្សេងទៀតនៅក្នុងស្រុកសាមគ្គីមុនីជ័យ ស្រុកសំរោងទង និងស្រុកភ្នំស្រួច ប្រយោជន៍ដើម្បីចូលរួមលើកកម្ពស់ជីវភាពបងប្អូនក្នុងមូលដ្ឋាន ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការអំពាវនាវផងដែរ ទៅដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងជួយថែរក្សាការពារសមិទ្ធផល ដែលបានកសាងឡើង ទុកជាគុណប្រយោជន៍ដល់សាធារណៈ ពីព្រោះផ្លូវគឺជាសសៃឈាមសម្រាប់ធ្វើចរាចរណ៍ទៅមក ដូចដែលពាក្យចាស់លោកពោលថា (មានផ្លូវគឺមានសង្ឃឹម) មួយវិញទៀតសូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយការអធ្យាស្រ័យ (ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរ) ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia