ព័ត៌មាន
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និងជំរុញសេដ្ឋកិច្ច-សង្គម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ក្នុងខេត្តក្រចេះ ដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ។ សមិទ្ធផលផ្លូវចំនួន ៣ខ្សែនេះ បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ពង្រឹងការតភ្ជាប់ក្នុងតំបន់ និងបង្កើនប្រសិទ្ធភាពការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែទូលំទូលាយសម្រាប់ការដឹកជញ្ជូនកសិផល, ការធ្វើពាណិជ្ជកម្ម, ការអភិវឌ្ឍទេសចរណ៍, និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៃខេត្តក្រចេះ និងតំបន់ជាប់ព្រំប្រទល់។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបើកក្នុងពិធីសម្ពោធនេះថា ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេស ការប្រឈមនឹងគ្រោះទឹកជំនន់។ នាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង ៣ខ្សែនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់ដាច់ស្រយាល និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលរបស់ប្រជាពលរដ្ឋ។ ព្រមទាំង ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សានុសិស្ស និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានានៅក្នុង ទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។

ឯកឧត្តម បានបញ្ជាក់ថា ការស្តារ និងធ្វើឱ្យប្រឡើងវិញកំណាត់ផ្លូវ៣ខែ្សនេះ បានប្រើប្រាស់ថវិកាសរុប ៤៣,៩៥ លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក។ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បានចំណាយថវិកាប្រមាណ ១៤,៧៧លានដុល្លារអាម៉េរិក និងផ្លូវខេត្ត លេខ៣៧៧ និង៣៧៧A បានចំណាយថវិកាប្រមាណ ២៩,១៨លានដុល្លារអាម៉េរិក។ ការសាងសង់ពង្រីកផ្លូវទាំង៣ខែនេះ បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ពិតណាស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជាគោលដៅអាទិភាពគន្លឹះដែលរាជរដ្ឋាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានគោលដៅប្រែក្លាយនិង ពង្រឹងសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យកាន់តែរឹងមាំប្រកបដោយភាពធន់ និងចីរភាព។
ថ្លែងក្នុងពិធីសម្ពោធនេះ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោកស្រី មានប្រសាសន៍ថា៖ «គម្រោងនេះកំពុងប្រើប្រាស់លើកកម្ពស់ផ្លូវដែលមានភាពធន់នឹងអាកាសធាតុដល់ខេត្តចំនួនបី រួមមាន កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ។ នាពេលនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏អាចធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០។ នេះហើយជាអត្ថន័យពិតនៃការតភ្ជាប់ ដែលមិនត្រឹមតែការដឹកជញ្ជូនទំនិញនិងការធ្វើដំណើររបស់មនុស្ស ប៉ុណ្ណោះទេ តែថែមទាំងជាការចែករំលែកបេតិកភណ្ឌវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។ សម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករ កម្ពុជា ដែលបានប្រើប្រាស់កំណាត់ផ្លូវទាំងនេះ គឺបានកាត់បន្ថយពេលវេលាធ្វើដំណើរប្រហែល ២៥%–៣៣% និងផ្តល់ការធ្វើដំណើរគ្រប់រដូវការទៅកាន់សាលារៀន មណ្ឌលសុខភាព ទីផ្សារចំនួន ៧៦កន្លែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង១,២លាននាក់ ដែលរស់នៅក្នុងសហគមន៍ជុំវិញ»។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី តាមចក្ខុវិស័យក្នុងការអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខ្សែផ្លូវទាំង ៣ខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចយ៉ាងសំខាន់ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧ (ត្រង់បំបែកប្រធាតុ) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងទិសដៅរាជធានីភ្នំពេញ និងតភ្ជាប់ទៅកាន់ស្រុកស្ទឹងត្រង់ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន និងតំបន់ព្រំដែនកម្ពុជា ហើយក៏បានតភ្ជាប់ចាប់ពីទីប្រជុំជនក្នុងក្រុងខេត្តក្រចេះ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ព្រែកកាំពី និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ ព្រមទាំង តភ្ជាប់ពីទីប្រជុំជនផ្សារសណ្តាន់ទៅដល់ផ្លូវជាតិលេខ៧ ដែល ជាផ្លូវអាស៊ានហាយវេលេខ១១ ក្នុងទិសដៅទៅកាន់ខេត្តនៅភូមិភាគឦសាន ដូចជា ខេត្តស្ទឹងត្រែង, រតនគិរី, និងមណ្ឌលគិរី៕ អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន1 week agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន7 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
កីឡា1 week agoសហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់គោលដៅ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋខេត្តកំពង់ស្ពឺ យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៧
-
កីឡា7 days agoពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹងក្រុមកម្ពុជាត្រៀមការប្រកួតអន្ដរជាតិនានា
-
ព័ត៌មាន4 days agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ