Connect with us

ព័ត៌មាន

រដ្ឋសភាកម្ពុជា ដឹកនាំកិច្ចសន្ទនាពហុភាគីជំរុញការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ ឆ្ពោះទៅពង្រឹងសន្តិសុខស្បៀងនិងភាពធន់នឹងវិបត្តិអាកាសធាតុ

វិមានរដ្ឋសភា៖ រដ្ឋសភាកម្ពុជាបានសហការជាមួយលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ ជំរុញរបៀបវារៈ ASEAN-RAI» ក្នុងគោលដៅប្រែក្លាយកិច្ចសន្ទនានៅភ្នំពេញពេលនេះទៅជាសកម្មភាពអនុវត្តន៍ជាក់ស្តែង។

ពិធីបើកវេទិកា ASEAN-RAI បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃ AIPA តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងសភាសមាជិកអាស៊ាន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អន្តរជាតិ ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជនយ៉ាងច្រើនកុះករ។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោក និងតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងវិបត្តិអាកាសធាតុស្រួចស្រាវ និងអសន្តិសុខស្បៀង ដែលជា តថភាពជាក់ស្តែងបន្ទាន់កំពុងគំរាមកំហែង និងរំខានដោយផ្ទាល់ដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលការណ៍ណែនាំ ASEAN-RAI និងក្របខ័ណ្ឌអនុវត្តសភា ASEAN-RAI ឆ្នាំ២០២៤-២០៣០ គឺជាត្រីវិស័យយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការធានាថាការវិនិយោគក្នុងវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ត្រូវតែមានសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ដែលផ្តោតលើប្រជាជនជាស្នូល។

ក្នុងន័យនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋសភា ក្នុងការប្រើប្រាស់មុខងារស្នូលទាំងបួនយ៉ាងសកម្ម រួមមាន៖ ការកែសម្រួលច្បាប់ឱ្យស្របតាមស្តង់ដារ ASEAN-RAI ដោយផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគបៃតង និងដាក់ទណ្ឌកម្មម៉ឺងម៉ាត់ចំពោះសកម្មភាពបំផ្លាញ បរិស្ថាន ការតាមដានត្រួតពិនិត្យការអនុវត្តគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល ការជំរុញការបែងចែកថវិកាជាតិលើហេដ្ឋារចនាសម្ព័ន្ធ និងពូជដំណាំធន់នឹងអាកាសធាតុ ព្រមទាំងការបំពេញតួនាទីតំណាងដើម្បីការពារផលប្រយោជន៍កសិករខ្នាតតូច សហគមន៍ជនជាតិដើមភាគតិច ស្ត្រី និងយុវជន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យវិស័យឯកជនប្រកាន់ខ្ជាប់គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ជំរុញស្ថាប័នស្រាវជ្រាវពង្រឹងការផ្លាស់ប្តូរទិន្នន័យវិទ្យាសាស្ត្រ និងរំពឹងថានឹងមានការបង្កើតស្តុកស្បៀងអាហាររួមក្នុងតំបន់ដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុ។

នៅក្នុងវេទិកានេះដែរ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានបង្ហាញការគាំទ្រដល់ការកសាងសម្ព័ន្ធភាពពហុភាគីដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញតិ្ត និងវិស័យឯកជន ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ភាពធន់ និងសាមគ្គីភាពអាស៊ាន។

ស្របពេលជាមួយគ្នានេះឯកឧត្តមបណ្ឌិត ចែម វិទ្យា អគ្គលេខាធិការ AIPA បានលើកឡើងតាមប្រព័ន្ធវីដេអូ ដោយគូសរំលេចពីសារៈសំខាន់នៃវិស័យកសិកម្មកម្ពុជា ដែលចូលរួមចំណែកប្រមាណ ២២% នៃ GDP និងទ្រទ្រង់ជីវភាពពលរដ្ឋ ២,៦ លាននាក់ ដែលទាមទារឱ្យមានការជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់។

ចំណែក លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា ក៏បានបញ្ជាក់ពីការបន្តគាំទ្របច្ចេកទេស និងបានប្រកាសពីការរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)» នាខែតុលា ឆ្នាំ២០២៦ខាងមុខដើម្បីទាក់ទាញដៃគូវិនិយោគជាក់ស្តែង។

នៅលើទិដ្ឋភាពប្រតិបត្តិ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រពី «ការផលិតឱ្យបានច្រើន» ទៅជា «ការផលិតឱ្យកាន់តែល្អប្រសើរ» តាមរយៈការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ប្រមាណ ១.៦០០ នាក់ និងការពង្រីក «សហគមន៍កសិកម្មទំនើប» បានចំនួន ៣៨ សហគមន៍ ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសអាស៊ានបំពេញបន្ថែមគ្នាលើច្រវាក់តម្លៃពាណិជ្ជកម្មជាជាងការប្រកួតប្រជែង។

សូមបញ្ជក់ដែរថា លទ្ធផល និងអនុសាសន៍គន្លឹះដែលទទួលបានពីកិច្ចសន្ទនារយៈពេល២ថ្ងៃនៅភ្នំពេញនៅពេលនេះ នឹងត្រូវចងក្រងជារបាយការណ៍រួម ដើម្បីដាក់ជូនក្នុងជំនួបពិភាក្សាទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអន្តរសភាអាស៊ាននាពេលខាងមុខផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia