Connect with us

ព័ត៌មាន

អបអរសាទរ! ផលិតផលកសិផលខ្មែរជាច្រើនមុខទំនិញបានកំពុងបោះជំហានយ៉ាងខ្លាំងលើឆាកអន្តរជាតិ

ភ្នំពេញ៖ ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។

យោងតាមក្រសួងពាណិជ្ជកម្ម នៅល្ងាចនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុនឯកជន បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ ដោយអង្ករប្រណីត (Phka Malis) ក្រោមស្លាកយីហោ Comptoir du Grain បានចូលទៅកាន់ធ្នើផ្សារទំនើបខ្នាតយក្ស E.Leclerc នៅប្រទេសបារាំង, អង្ករប្រណីត Emerald River នៅលើទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើធ្នើផ្សារទំនើបលក់ដុំធំបំផុតមួយរបស់សហរដ្ឋអាមេរិក COSTCO Wholesale ផងដែរ។ លើសពីនេះ លើទីផ្សារអាស៊ី អង្ករប្រណីតម៉ាក Apsara Rice ក៏បានដាក់ចូលក្នុងបណ្តាញផ្សារទំនើបលំដាប់ខ្ពស់ ដោយអ្នកប្រើប្រាស់អាចរកជាវបានយ៉ាងងាយស្រួលនៅផ្សារទំនើប Cold Storage ក្នុងប្រទេសសិង្ហបុរី និងនៅបណ្តាញផ្សារទំនើប DFI Retail Group ក្នុងទីក្រុងហុងកុង។

ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់នៃវិស័យស្រូវ-អង្ករ ផលិតផលកសិ-កែច្នៃកម្ពុជាក៏បានបង្ហាញវត្តមានលើធ្នើផ្សារទំនើប COSTCO យ៉ាងរឹងមាំផងដែរ តាមរយៈផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដែលបានឆ្លងកាត់ការវាយតម្លៃស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់ រហូតឈានដល់ការចែកចាយជាផ្លូវការក្រោមម៉ាកសញ្ញាឯកជន Kirkland Signature ដែលជាសក្ខីភាពបញ្ជាក់ពីការបង្កើនតម្លៃបន្ថែមដល់កសិផលជាតិ។ ស្របពេលនោះដែរ ផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន Misota ក៏បានពង្រីកទីផ្សារគោលដៅសំខាន់ៗរបស់ខ្លួនរួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ដោយក្នុងនោះដៃគូចែកចាយនៅប្រទេសជប៉ុនបានផ្គត់ផ្គង់ទៅកាន់ផ្សារទំនើប AEON នៅប្រទេសជប៉ុន ហើយនៅលើទីផ្សារប្រទេសបារាំង ផលិតផលក្រោមយីហោ OJA កំពុងមានវត្តមាននៅផ្សារទំនើប Carrefour ចំនួន ៦សាខា និងឱសថស្ថានចំនួន ២០ទីតាំង ព្រមទាំងគ្រោងពង្រីកខ្លួនបន្ថែមទៅកាន់ Monoprix, EPIC & GIE UNIFRAIS និង Intermarché នាពេលឆាប់ៗខាងមុខ។

បន្ថែមលើនេះ តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន HCST ក៏បានកត់ត្រានូវសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស) ដោយផ្ទាល់ជាលើកដំបូង និងក្រុមហ៊ុន Boettger នៃប្រទេសអាល្លឺម៉ង់។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រៅពីភាពជោគជ័យនៃវិស័យស្រូវ-អង្ករ ស្វាយកែច្នៃ និងគ្រាប់ស្វាយចន្ទី កម្ពុជានៅមានផលិតផលកសិកម្ម និងកសិ-កែច្នៃសក្តានុពលខ្ពស់ជាច្រើនទៀតដែលកំពុងពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញលំដាប់ប្រណីត ទទួលបានការគាំទ្រខ្លាំងលើទីផ្សារសហភាពអឺរ៉ុប អាមេរិក និងជប៉ុន។ ទន្ទឹមនឹងនេះ ក្រុមផលិតផលគ្រឿងទេស ទឹកជ្រលក់ និងម្ហូបពាក់កណ្តាលសម្រេច (Ready-to-Cook) រួមមាន គ្រឿងសម្លប្រពៃណី (អាម៉ុក ការី) ទឹកត្រីស្តង់ដាគុណភាពខ្ពស់ និងផលិតផលជលផលកែច្នៃ (ប្រហុក ត្រីឆ្អើរ) ក៏កំពុងពង្រីកការនាំចេញយ៉ាងសកម្មទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អូស្ត្រាលី និងអឺរ៉ុបផងដែរ។

បច្ចុប្បន្ន ផលិតផលកសិផល និងកសិ-កែច្នៃកម្រិតខ្ពស់របស់កម្ពុជា បានបង្កើតជំហរយ៉ាងរឹងមាំនៅលើទីផ្សារអន្តរជាតិ ដោយមានវត្តមានលើធ្នើផ្សារទំនើបឈានមុខលំដាប់ពិភពលោក រួមមាន COSTCO, E.Leclerc, Carrefour, Monoprix, EPIC & GIE UNIFRAIS, Intermarché, Boettger, Cold Storage, NTUC FairPrice, DFI Retail Group, Whitworths និង AEON Japan។ ជាពិសេស គ្រាប់ស្វាយចន្ទីកម្ពុជាកំពុងចរាចរលក់នៅលើបណ្ដាញផ្សារទំនើប FamilyMart រហូតដល់ប្រមាណ ១៦,០០០សាខា ទូទាំងប្រទេសជប៉ុន ដែលឆ្លុះបញ្ចាំងពីវិសាលភាពគ្របដណ្ដប់លើទីផ្សារយុទ្ធសាស្ត្រសំខាន់ៗដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប អូស្ត្រាលី សិង្ហបុរី ហុងកុង ជប៉ុន ចិន និងកូរ៉េខាងត្បូង។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia